ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋាន «ក.ប.ប.» បង្ហាញលទ្ធផលនៃការវិភាគរកឃើញថា ជាតិដែក (Iron) របស់ម្សៅទឹកដោះគោ Nutrilatt មានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដារកូដិចអន្តរជាតិ

    BY Khmernote Media August 26, 2020
    អគ្គនាយកដ្ឋាន «ក.ប.ប.» បង្ហាញលទ្ធផលនៃការវិភាគរកឃើញថា ជាតិដែក (Iron) របស់ម្សៅទឹកដោះគោ Nutrilatt មានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដារកូដិចអន្តរជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានរៀបចំ កិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែលធ្វើការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅប្រទេសសឹង្ហបុរី ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។

    កិច្ចប្រជុំនេះមានការចូលរួមពី តំណាងមាតាបិតានៃទារករងគ្រោះ តំណាងក្រុមហ៊ុន Nutrilatt តំណាងអង្គការ WHO អង្គការ UNICEF អង្គការ Helen Keller International និងតំណាងមជ្ឈមណ្ឌលគាំពារមាតានិងទារកនៃក្រសួងសុខាភិបាល។
    របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖

    – មតិស្វាគមន៍របស់ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប.»
    – បទបង្ហាញអំពីសាវតានិងដំណើរការស៊ើបអង្កេតពាក់ព័ន្ធនឹងករណី Nutrilatt
    – មតិយោបល់របស់តំណាងមាតាបិតាទារករងគ្រោះ
    – មតិយោបល់របស់តំណាងក្រុមហ៊ុន Nutrilatt
    – មតិយោបល់ចូលរួមរបស់តំណាងអង្គការអន្តរជាតិ (WHO, UNICEF, HKI) និងមជ្ឈមណ្ឌលគាំពារមាតានិងទារក
    – ការកាត់ស្រោមសំបុត្រនិងប្រកាសលទ្ធផលវិភាគ នៃម្សៅទឹកដោះគោ Nutrilatt លើ B/N: 487, 488, 536, 537, 538, 539

    ជាលទ្ធផលនៃការវិភាគ បានបង្ហាញថា ជាតិដែក (Iron) ដែលមាននៅក្នុងគ្រប់ B/N: 487, 488, 536, 537, 538, 539 មានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដារកូដិចអន្តរជាតិ (Codex International Standard)។

    ដោយមានការឯកភាពពីតំណាងមាតាបិតានិងតំណាងក្រុមហ៊ុន Nutrilatt, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នឹងរៀបចំជំនួបពិភាក្សារវាងតំណាងមាតាបិតានិងតំណាងក្រុមហ៊ុន Nutrilatt ដើម្បីរកដំណោះស្រាយ នាថ្ងៃទីព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។

    ប្រភពអត្ថបទ៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: