ព័ត៌មានជាតិ
ចាប់ពីថ្ងៃទី០១ ខែកញ្ញាទៅ ការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបនឹងត្រូវផ្អាកបណ្តោះអាសន្នមួយរយៈ ដោយសារតែកត្តាបែបនេះ
BY Khmernote Media
August 26, 2020
នាថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ នេះអាជ្ញាធរអប្សរា បានចេញសេចក្តីជូនដំណឹងស្តីពីការបិទជាបណ្តោះអាសន្នសម្រាប់ការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប ដោយសារតែស្ថានភាពហានិភ័យជាក់ស្តែងមួយចំនួននៃរចនាសម្ព័ន្ធប្រាសាទប្រែរូប នៅតាមបណ្តោយកម្រាលនៃខឿនលើបង្អស់ផ្នែកខាងលិច ដែលជាទីតាំងបណ្តុំភ្ញៀវទេសចរទស្សនាថ្ងៃលិច មានកម្រាលថ្មបានរំកិលចេញពីទីតាំងដើម ដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាយថាហេតុ។

ក្នុងន័យនេះ ដើម្បីថែរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរអប្សរា នឹងបិទការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ តទៅ រហូតដល់ចំណុចគ្រោះថ្នាក់នៃប្រាសាទត្រូវបានជួសជុលរួចរាល់៕
