កូវីដ-១៩
ញាក់សាច់! ត្រឹមតែមួយថ្ងៃឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ៧៥,០០០នាក់ ដែលជាចំនួនមួយច្រើនបំផុតមិនធ្លាប់មាន
BY autoadmin
August 27, 2020
ទិន្នន័យពីក្រសួងសុខាភិបាលសហព័ន្ធនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ បានបង្ហាញថា ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីជំងឺ COVID-19 ចំនួន ៧៥,៧៦០ ករណី ដែលនាំឱ្យចំនួនសរុបមានដល់ទៅ ៣.៣១ លានករណី ខណៈករណីថ្មីៗនៅតែបន្ដកើនឡើងនៅទូទាំងប្រទេស។ ប្រទេសឥណ្ឌាជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅអាស៊ី និងជាប្រទេសមានការឆ្លងច្រើនបំផុតលំដាប់ទី៣ នៅក្នុងពិភពលោក ដេញពីក្រោយសហរដ្ឋអាមេរិក និងប្រេស៊ីល។

ប្រភពពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ឥណ្ឌាជាប្រទេសដែលមានករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតជាងគេនៅលើពិភពលោកចាប់តាំងពីថ្ងៃទី០៧ ខែសីហា តរៀងមក។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាក៏មានករណីស្លាប់សរុប ១,០២៣នាក់ ផងដែរ។ ចំណែកករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះមានដល់ជាង ២៤លាននាក់ ខណៈការស្លាប់សរុបមាន ៨២ម៉ឺននាក់៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia