លឺសូរប្រ៉ាវ រត់ទៅមើល ឃើញនារីស្រស់ស្អាតម្នាក់ដេកស្តូកស្តឹងកណ្តាលផ្លូវ អស់មុខមួយចំហៀង
រាជធានីភ្នំពេញ ៖ មិនដឹងប៉ះអ្វីលាន់លឺសូរប្រ៉ាវ ឃើញនារីរូបស្រស់ម្នាក់ ដួលម៉ូតូអូសនឹងថ្នល់តែម្នាក់ឯង បណ្ដាលឲ្យបែកមាត់ និងខូចមុខអស់មួយចំហៀង ត្រូវបានប្រជាពលរដ្ឋចិត្តល្អនាំគ្នាជួយលាងរបួស និងសង្គ្រោះបឋមតាមអ្វីដែលអាចជួយបាន ដោយអ្នកខ្លះជួយសួរអត្តសញ្ញាណ អ្នកខ្លះហៅឡានពេទ្យ និងបងៗខ្លះរត់ទៅប្រាប់សមត្ថកិច្ច បន្ទាប់ពីជិះម៉ូតូ Scoopy មួយគ្រឿង ក្នុងល្បឿនលឿនល្មម មិនដឹងអកហ្សឺអ្វី ចាប់ហ្រ្វាំងទាំងបង្ខំ បណ្ដាលឲ្យរអិលដួលបោកនឹងដ្នល់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:៤៥នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៣៦៩ ខាងជើងផ្លូវថ្មី (អតីតស្ពានឈើ) ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមសម្ដីបងប្រុសមាឌធំបានប្រាប់អោយដឹងថា គាត់មិនដឹងបាននារីរងគ្រោះជិះទៅប៉ះអ្វី ឬចាប់ហ្វ្រាំងដួលដោយខ្លួនឯងនោះទេ តែគ្រាន់តែចេញមកដល់ឃើញនាងដេកស្ដូកស្ដឹងកណ្ដាលផ្លូវហើយ និងបានស្រែកហៅប្អូនៗនិងមិត្តភ័ក្តដែលកំពុងអង្គុយកំដររោង នាំគ្នាចេញមកជួយតែម្ដង នេះដោយសារតែនារីរងគ្រោះ បានពាក់មួកការពារសុវត្ថិភាពក្បាលបានត្រឹមត្រូវ ទើបមិនគ្រោះថ្នាក់ដល់ក្បាលធ្ងន់ធ្ងរឡើយ គ្រាន់តែខូចមុខអស់ម្ខាងបែកមាត់របួសមធ្យមប៉ុណ្ណោះ ។
ក្រោយពីបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះហើយបានដឹងខ្លួន រួចសាកសួរថាផ្ទះនៅម្ដុំព្រែកប្រា ទើបសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ បានជួយជូននារីរងគ្រោះទៅដល់ផ្ទះតែម្ដង ។
មុនពេលចេញទៅនារីរងគ្រោះក៏បានអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានស្ទុះចេញមកជួយសង្គ្រោះរូបនាងបឋម និងលាបប្រេងខ្យល់លាងរបួសឲ្យរូបនាងលក្ខណៈបឋមសិនទាំងនេះគឺទឹកចិត្តដែលគួរអោយរាប់អានណាស់ ៕



ដោយ៖ បងម៉េង ខ្មែរណូត