តូយ៉ូតាព្រូសបោះពួយលឿនពេល ដល់ផ្លូវបំបែកជ្រុលម៉ូតូមួយគ្រឿង បណ្តាលឲ្យរបួសធ្ងន់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀត រងរបួសស្រាល ខណៈកំពុងជិះម៉ូតូឌុបគ្នាសុខៗ ត្រូវរថយន្តព្រូសបើកឆ្លងផ្លូវជ្រុលមកបុកពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកវីវ៉ា (Suzuki VIVA) ស៊េរីចាស់ ពាក់ស្លាកលេខបាត់ដំបង់ 1C-0831 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកព្រូស (TOYOTA PRIUS) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BF-6224 បានបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងទិសដៅពីលិចទៅកើត ហើយបានបត់ឆ្វេង ក៏ជ្រុលទៅបុកម៉ូតូគាបជាប់រងរបួសធ្ងន់ស្រាល២នាក់។
បច្ចុប្បន្ន រថយន្តនិងម៉ូតូ ត្រូវបានប្រគល់អោយជំនាញចុះធ្វើការវាស់វែង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត