រន្ធត់ណាស់! បើកឡានទៅលេងកំពង់សោម ហើយវ៉ាឡានកុងតឺន័រ រួចជ្រុលទៅបុកម៉ូតូ Zoomer-x ស្លាប់អ្នកបើកម៉ូតូ
រាជធានីភ្នំពេញ ៖ គួរឲ្យអាសូរ! បុរសម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូ Zoomer-X មួយគ្រឿងតាមផ្លូវតែម្នាក់ឯង ត្រូវបានរថយន្តកាមរីមួយគ្រឿង បើកវ៉ាជែងក្នុងល្បឿនលឿន ទៅបុកពេញទំហឹង ប៉ើងជិត១០០ម៉ែត្រ បោកផ្ទប់នឹងកញ្ចក់រថយន្តស្លាប់មួយរំពេច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០០:៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ទុំ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើជាម៉ាស៊ីនត្រជាក់ ស្នាក់នៅម្ដុំសឡា សង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅផ្លូវ៥១ ជិតផ្សារក្រាំងចេក ខេត្តកំពង់ស្ពឺ។
តាមការរៀបរាប់ពីនារីម្នាក់ដែលរួមដំណើរនៅក្នុងរថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគេមានគ្នា៥នាក់ (ស្រីបួននាក់ ប្រុសម្នាក់) បានធ្វើដំណើរជាមួយគ្នាលើរថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-1415 ចេញពីក្រុងភ្នំពេញ បំណងធ្វើដំណើរកម្សាន្តនៅក្រុងព្រះសីហនុ លុះពេលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់បុរសជាអ្នកបើកបរបានបន្ថែមល្បឿន បំណងវ៉ាជែងរថយន្តកុងតឺន័រមួយគ្រឿងទៀត រួចក៏បានជ្រុលទៅបុកម៉ូតូជនរងគ្រោះម៉ាក Zoomer-x ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1FU-5205 ក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតបុកពេញទំហឹងតែម្ដង បណ្ដាលឲ្យបុរសដែលជិះម៉ូតូប៉ើងម៉ូតូជិត១០០ម៉ែត្រ ចំណែកជនរងគ្រោះបោកផ្ទប់កញ្ចក់រថយន្តផ្នែកខាងមុខ ខ្ទាតធ្លាក់លើកញ្ចក់ខាងក្រោយមកបោកថ្នល់បន្តទៀត ទើបស្លាប់ភ្លាមៗមួយរំពេចតែម្តង។
ភ្លាមៗនោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាឃាត់អ្នកបើកបរ រថយន្តរួចប្រគល់ជូនសមត្ថកិច្ចនាំខ្លួនយកមកប៉ុស្តិ៍ ទុកប្រគល់ជូនជំនាញផ្នែកចរាចរណ៍។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ បងម៉េង ខ្មែរណូត