ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សល់ពេលជិត១ខែទៀតប៉ុណ្ណោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងយករថយន្ត និងទំនិញដែលគយចាប់បាន យកទៅដាក់លក់ដេញថ្លៃ បើម្ចាស់មិនចូលខ្លួនដោះស្រាយ

    BY Khmernote Media August 31, 2020
    សល់ពេលជិត១ខែទៀតប៉ុណ្ណោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងយករថយន្ត និងទំនិញដែលគយចាប់បាន យកទៅដាក់លក់ដេញថ្លៃ បើម្ចាស់មិនចូលខ្លួនដោះស្រាយ

    ភ្នំពេញ-អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ អំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញដែលគយចាប់បាន រួសរាន់ចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ ស្របពេលដែលឱសានវាទជិតផុតកំណត់ផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្ដីជូនដំណឹងជាលើកចុងក្រោយ ដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្ដោះអាសន្នដោយរដ្ឋបាលគយ ឲ្យចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន ក្នុងរយៈពេល ៦០ថ្ងៃ ។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់សម្គាល់ឃើញថា មានម្ចាស់មួយចំនួន នៅស្ទាក់ស្ទើរពុំទាន់បានចូលមក បំពេញកាតព្វកិច្ចនៅឡើយ។

    អគ្គនាយកដ្ឋានគយ បានបន្តទៀតថា ដោយហេតុថា រយៈពេល ៦០ ថ្ងៃ នឹងផុតឱសានវាទនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដូច្នេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមអំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញពាក់ព័ន្ធ មេត្តារួសរាន់ចូលខ្លួនមកបំពេញកាតព្វកិច្ច របស់ខ្លួនតាមច្បាប់ និងបទបញ្ញត្តិជាធរមាន ទៅតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ។

    ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចដូចបានរៀបរាប់ខាងលើ យានយន្ត និង ទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទា រអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈ ស្របតាមបញ្ញត្តិមាត្រា ៥៤ និង ៥៥ នៃច្បាប់ស្ដីពីគយ ដើម្បីប្រមូលចំណូលចូលថវិកាជាតិ៕

    Share This Post: