តាក់ស៊ីបើកបរដោយជនជាតិចិន ព្រលះជាមួយរថយន្តកុងតឺន័រនៅស្រុកព្រៃនប់ ផ្អើលទាំងព្រឹក
ស្រុកព្រៃនប់៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្ត២គ្រឿងបុកគ្នា កាលពីម៉ោងជិត៦ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៨-១៥៩ ចំណុចផ្លូវកោង ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តរត់តាក់ស៊ី ម៉ាក BYD ស្លាកលេខ 2B-1857 អ្នកបើកបរឈ្មោះ GUAN LIANLIN ជនជាតិចិន អាយុ២៩ឆ្នាំ មុខរបរ បើកតាក់ស៊ី ស្នាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បានរេចង្កូតជ្រុលទៅបុករថយន្ត ធំ ម៉ាក FUSO ស្លាកលេខ 3D-1550 ដែលឈប់ចតសម្រាកពេលយប់ នៅចិញ្ចើមផ្លូវក្រួសក្រហម (អ្នកបើកបររត់បាត់)។ ហេតុការណ៍គ្រោះថ្នាក់នោះមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ហើយបច្ចុប្បន្ននគរបាលស្រុកព្រៃនប់យករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយតាមនិតិវិធី៕
