ករណីទាស់សំដីគ្នាពេលបើកបរ រហូតអ្នកបើកឡានដកកាំភ្លើងAK មកគំរាមអ្នកបើកម៉ូតូ ឥលូវនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) រហ័សនាម ០៩ (អ្នកបើកបររថយន្ត) និងឈ្មោះ ប្រាក់ សំបាន (អ្នកបើកបរម៉ូតូ)។ ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត (រហ័សនាម០៩) ទាញកាំភ្លើងវែងពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកទឹកផុសចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មតិសាធារណៈជនដែលទទួលបានព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកមេត្តាជ្រាប ៕


