ព័ត៌មានជាតិ
កូនឧកញ៉ាដែលប្រើកាំភ្លើង AK មកគំរាមអ្នកបើកបរម៉ូតូ ឥលូវនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ
BY Khmernote Media
September 1, 2020
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) រហ័សនាម ០៩ (អ្នកបើកបររថយន្ត) និងឈ្មោះ ប្រាក់ សំបាន (អ្នកបើកបរម៉ូតូ)។ ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត (រហ័សនាម០៩) ទាញកាំភ្លើងវែងពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ។

ក្រោយកើតមានករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកទឹកផុសចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី។ ឥលូវនេះបុរសដែលសម្ញែងកាំភ្លើងនោះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ ដោយរងការចោទប្រកាន់ពីបទ គំរាមកំហែង និងកាន់កាប់ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត៕
