ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ​ វណ្ណឌីន បញ្ជាក់ថា មានករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) បានកេីតឡេីងលេីក្រុមមនុស្សជាង១០០នាក់ កំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារខេត្តព្រះវិហារ

    BY Khmernote Media September 1, 2020
    លោកជំទាវ ឱ​ វណ្ណឌីន បញ្ជាក់ថា មានករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) បានកេីតឡេីងលេីក្រុមមនុស្សជាង១០០នាក់ កំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារខេត្តព្រះវិហារ

    យោងតាមការបញ្ជាក់ពីលោកជំទាវ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងគ្រុបតេឡេក្រាម បានឲ្យដឹងថា ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ នាព្រឹកវេលាម៉ោង ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រើននាក់ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារខេត្តព្រះវិហារ។ ភ្លាមៗនោះ ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណ:បច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានធ្វើការបែងចែកចេញដូចខាងក្រោមៈ

    ១. អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩
    ២. អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត និង
    ៣. អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។

    នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៌ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នាបានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារ ក៏បានធ្វើការអប់រំសុខភាព ដើម្បីឲ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។

    បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសើរជាបណ្តើរៗ និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ផង និងការពារជំងឺផ្តាសាយធំផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឫឆ្លងនៅក្នុងក្រុមគ្រួសារ ឫនៅក្នុងក្រុមមនុស្សណាមួយនោះដែរ។

    Share This Post: