ឥណ្ឌាវ៉ាដាច់ប្រេស៊ីល ក្លាយជាប្រទេសមានអ្នកជំងឺកូវីដ១៩ ច្រើនបំផុតទី២ លើពិភពលោក ខណៈមានករណីជាង ៩ម៉ឺននាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ នាថ្ងៃច័ន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាពេលនេះបានក្លាយជាប្រទេស ដែលមានការឆ្លងរាលដាលនៃជំងឺ COVID-19 ច្រើនជាងគេបំផុតទី២ នៅក្នុងពិភពលោក ដេញពីក្រោយតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។ ប្រទេសដែលមានប្រជាជនសរុប ១.៣ ពាន់លាននាក់មួយនេះ មានករណីជំងឺ COVID-19 សរុបដល់ទៅ ៤.២ លាននាក់ ហើយក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ខ្លួនមានករណីថ្មីចំនួន ៩០,៨០២នាក់ ត្រូវបានកត់ត្រា។

ប្រទេសដែលមានការឆ្លងច្រើនបំផុតគឺសហរដ្ឋអាមេរិក ជាមួយនឹងករណីសរុបចំនួន ៦.២ លាននាក់ ខណៈប្រទេសប្រេស៊ីលបានថយចុះទៅលេខ៣ ដោយមានករណីសរុបចំនួន ៤.១ លាននាក់។ ចាប់តាំងពីមានការរាតត្បាតនៃជំងឺ COVID-19 ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺនេះសរុប ៧១,០០០នាក់ ប៉ុន្តែយ៉ាងណាចំនួននេះគឺនៅតិចជាង បើប្រៀបនឹងសហរដ្ឋអាមេរិក និងប្រេស៊ីល។ ប្រទេសឥណ្ឌាគឺជាប្រទេសតែមួយគត់ ដែលមានការឆ្លងរាលដាលអាក្រក់បំផុតនៅទ្វីអាស៊ី ហើយជំងឺបានរាលដាលពេញផ្ទៃប្រទេស សូម្បីតែនៅតំបន់ដាច់ស្រយាល។ ប្រទេសនេះក៏ធ្លាប់បានបិទទ្វារម្ដងដែរ ប៉ុន្តែករណីបានហក់ឡើងខ្លាំងនៅពេលដែលចាប់ផ្ដើមបើកទ្វារឡើងវិញ៕



អត្ថបទ៖ លីដា
ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍