អ្នកជំងឺកូវីដ១៩ ចុងក្រោយបង្អស់បានជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ
យោងតាមការបញ្ចាក់ពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា “ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ម្នាក់ចុងក្រោយក្នុងប្រទេសកម្ពុជា បានព្យាបាលជាសះស្បើយ នឹងបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ”។
គួរបញ្ជាក់ផងដែរថា អ្នកជំងឺកូវីដ១៩ ដែលត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ព្យាបាលជាសះស្បើយ ចុងក្រោយគេបង្អស់នោះ គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០៕
