WHO រាយការណ៍ថា រយៈពេលតែ២៤ម៉ោងមានមនុស្សជាង៣០ម៉ឺននាក់នៅទូទាំងពិភពលោកកើតជំងឺកូវីដ១៩
អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការកើនឡើងក្នុងកំណត់ត្រាថ្មីមួយទៀត នៃករណីជំងឺ COVID-19 សម្រាប់ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ដោយក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានមនុស្សរហូតដល់ទៅ ៣០៧,៩៣០នាក់ បានឆ្លងជំងឺនេះពីទូទាំងពិភពលោក។ ការកើនឡើងខ្លាំងបំផុតគឺមកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងប្រេស៊ីល នេះបើយោងតាមគេហទំព័ររបស់ទីភ្នាក់ងារ។

ចំនួនអ្នកស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ មានចំនួន ៥,៥៣៧នាក់ ដែលនាំឱ្យករណីសរុបមាន ៩១៧,៤១៧នាក់។ កំណត់ត្រាមុនរបស់ WHO សម្រាប់ករណីថ្មីក្នុងមួយថ្ងៃគឺ ៣០៦,៨៥៧នាក់ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ហើយករណីស្លាប់ច្រើនបំផុតចំនួន ១២,៤៣០នាក់ ត្រូវបានកត់ត្រាកាលពីថ្ងៃទី១៧ ខែមេសា។
ប្រទេសឥណ្ឌាឥឡូវនេះបានរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃច្រើនជាងគេបំផុតជារៀងរាល់ថ្ងៃ និងជាប់កំណត់ត្រាពិភពលោកកាលពីសប្តាហ៍មុន ដោយមានករណីថ្មីចំនួន ៩៧,៥៧០ ករណី ត្រូវបានរាយការណ៍ក្នុងមួយថ្ងៃ។ នៅផ្នែកខ្លះនៃប្រទេសឥណ្ឌា អុកស៊ីសែនសម្រាប់វេជ្ជសាស្ត្រពិបាករកណាស់ ព្រោះករណីជំងឺ COVID-19 របស់ប្រទេសនេះមានសរុបលើសពី ៤.៧៥លាននាក់ ដេញពីក្រោយសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។ ករណីថ្មីកំពុងធ្លាក់ចុះនៅសហរដ្ឋអាមេរិក និងធ្លាក់ចុះប្រហែល ៤៤% បើធៀបនឹងពេលដែលអាមេរិកបានកត់ត្រាករណីខ្ពស់បំផុតគឺ ៧៧,០០០ ករណី ដែលត្រូវបានរាយការណ៍នៅថ្ងៃទី១៦ ខែកក្កដា។ ចំណែកនៅប្រេស៊ីលក៏កំពុងធ្លាក់ចុះផងដែរ មានតែឥណ្ឌាប៉ុណ្ណោះដែលកំពុងក្លាយជាទីតាំងផ្ទុះរាលដាលធំបំផុត៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia