ព្រឹត្តិការណ៍បាល់ទាត់ទិវាកុមារ ខេ អឹម អេច (KMH INTERNATIONAL CHILDREN’S DAY) យើងរួមគ្នាខិតខំផ្តល់តម្លៃ បម្រើ និង ការពារកុមារកម្ពុជាយើង!
រាជធានីភ្នំពេញ,ថ្ងៃទី0១ ខែមិថុនា ឆ្នាំ២០១៨
មូលនិធិ ខេ អឹម អេច (KMH Foundation) ជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) រៀបចំ «ព្រឹត្តិការណ៍បាល់ទាត់ទិវាកុមារ ខេ អឹម អេច» នៅ ទីលានបាល់ទាត់ ខេ អឹម អេច ផាក (KMH Park) នាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីកុមារចំនួន៥០០នាក់ និង ថ្នាក់ដឹកនាំជាច្រើនរូបរបស់មូលនិធិ ខេ អឹម អេច (KMH Foundation) ផងដែរ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ និង ដើម្បីលើកកម្ពស់វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ឱកាសកាន់តែច្រើនដល់កុមារ និង យុវជនក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួន ជាពិសេសនោះគឺដើម្បីបណ្ដុះស្មារតីដល់កុមារកម្ពុជា ឲ្យចូលរួមក្នុងការងារសង្គម។ ក្នុង«ព្រឹត្តិការណ៍បាល់ទាត់ទិវាកុមារ ខេ អឹម អេច» នេះក៏មានការបរិច្ចាគទឹកប្រាក់ចំនួន៣ ០០០ ដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលធ្វើឡើងនៅពេលព្រឹកក្រោមការដឹកនាំរបស់លោក កាំង សេន នាយកមូលនិធិបាល់ទាត់ ខេ អឹម អេច ។
https://www.youtube.com/watch?v=c6Sxadw9ljo&feature=youtu.be
បន្ទាប់មកទៀត ក៏មានការលេងហ្គេមកម្សាន្តជាច្រើន ដោយមានការចូលរួមពីកុមារចំនួន ៥០០នាក់ មកពីបណ្តាសាលាបឋមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ និង មកពីខេត្តកណ្តាល និង កុមាររស់នៅក្នុងសហគមន៍រោងចក្រដំបូលខៀវផងដែរ។ លើសពីនេះទៀត ក៏មានការផ្តល់ជូននូវសម្ភារមួយចំនួនដល់ កុមារ និង អ្នកចូលរួម មានដូចជា ខោអាវកីឡា ប៊ិក ខ្មៅដៃ សៀវភៅ អាហារសម្រន់ អាវយឺត មួក និង វត្ថុអនុស្សាវរីយមួយចំនួនទៀតពីដៃគូសហការឧបត្ថម្ភរបស់យើង។
នៅពេលល្ងាចចាប់ពីម៉ោង ៤ និង ១០ នាទីតទៅ ក៏មានការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ KMH CUP U18 រវាងក្រុម សម្ព័ន្ធ គ.ស.ន.ប.ក (សម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និង បញ្ញវន្តកម្ពុជា) និង ក្រុមបាល់ទាត់យុវជនព្រះខ័ន្ទរាជស្វាយរៀង។ សម្រាប់ម្ចាស់ជើងឯក KMH CUP U18 នេះ នឹងទទួលបានទឹកប្រាក់ចំនួន ៤ ០០០ ដុល្លារអាមេរិក ចំណែកជើងឯករងវិញ ទទួលបានទឹកប្រាក់ ២ ០០០ ដុល្លារអាមេរិក។ ក្រៅពីនេះក៏មានការប្រកួតលក្ខណៈមិត្តភាពចំនួន២ ប្រកួតផ្សេងទៀត។ អ្វីដែលពិសេសទៀតនោះ ក៏មានវត្តមានរបស់តារាបាល់ទាត់ដ៏ល្បីចំនួន២រូបមកពីក្លឹបព្រះខ័ន្ទរាជស្វាយរៀងគឺ កីឡាករ ប្រាក់ មុន្នីឧត្តម និង កីឡាករShane Booysen ដោយតារាបាល់ទាត់ដ៏ល្បីចំនួន២រូបនេះ នឹងចូលរូមលេងបាល់ទាត់ជាមួយនឹង កុមារចំនួន៥០នាក់។
សូមបញ្ជាក់ថា មូលនិធិបាល់ទាត់ ខេ អឹម អេច ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និង អភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ក៏ដូចជាស្នូលវិជ្ជមានមួយចំណែកសម្រាប់សង្គមកម្ពុជា តាមរយៈការផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍទេពកោសល្យ និងបង្ហាញសមត្ថភាពរបស់ខ្លួន ព្រមទាំងប្រមូលថវិកាសប្បុរសធម៌ដើម្បីជួយដល់សង្គម។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា ឆែម ណាលី
ទូរស័ព្ទ៖ ០១២ ៣៨៨ ៩៣៩


