កូវីដ-១៩

ការសិក្សាថ្មីមួយបង្ហាញថា ស្ត្រីវៀតណាមម្នាក់ដែលបានទៅលេងអឺរ៉ុបទាំងមិនដឹងខ្លួនថាឆ្លងកូវីដ១៩ បានចម្លងជំងឺនេះទៅមនុស្ស ១៥នាក់ ផ្សេងទៀតដែលរួមដំណើរលើយន្តហោះជាមួយគ្នា

BY
autoadmin
September 21, 2020

យោងតាមការសិក្សាថ្មីមួយដោយក្រុមអ្នកស្រាវជ្រាវវៀតណាម ចុះផ្សាយដោយ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ បានបង្ហាញថា អ្នកជំងឺ COVID-19 ជនជាតិវៀតណាមម្នាក់ ដែលបានធ្វើដំណើរទៅលេងទ្វីបអឺរ៉ុបកាលពីខែមីនា បានចម្លងជំងឺនេះទៅដល់អ្នកដំណើររួមយន្តហោះជាមួយនាងចំនួន ១៥នាក់ ផ្សេងទៀត ដោយមិនដឹងខ្លួន។ រំលឹកផងដែរថា កាលពីខែមីនាកន្លងទៅនេះ នៅអំឡុងពេលដែលជំងឺ COVID-19 កំពុងចាប់ផ្ដើមរាតត្បាតនៅជុំវិញពិភពលោក យើងអាចនៅចាំបានថា មានករណីស្ត្រីមានទ្រព្យស្តុកស្តម្ភ និងជាកូនស្រីថៅកែដែកវៀតណាមម្នាក់ បានទៅលេងទ្វីបអឺរ៉ុប ហើយនាងថែមទាំងបានចូលរួមទស្សនាការដើរម៉ូដនៅឯប្រទេសបារាំង និងអ៊ីតាលីទៀតផង។

ស្ត្រីម្នាក់នោះមានអាយុ ២៧​ឆ្នាំ ហើយនាងបានដើរលេងនៅជុំវិញទ្វីបអឺរ៉ុបជាមួយបងប្អូនស្រីម្នាក់ទៀត ដោយមិនបានដឹងខ្លួនថា នាងបានឆ្លងជំងឺ COVID-19 នៅពេលណានោះទេ។ នៅអំឡុងពេលទៅលេងនៅទ្វីបអឺរ៉ុប នាងបានទៅទស្សនាទីក្រុងមីឡាន របស់ប្រទេសអ៊ីតាលី និងទីក្រុងបារីស របស់ប្រទេសបារាំង ហើយបន្ទាប់មកទៀត ក៏បានទៅទីក្រុងឡុង របស់ប្រទេសអង់គ្លេស ហើយនេះគឺជាទម្លាប់ធម្មតារបស់នាង ដែលតែងតែដើរលេងនៅតំបន់អឺរ៉ុប។ ក្រោយមកនៅថ្ងៃទី០១ ខែមីនា នាងចាប់ផ្ដើមមានអាការស្អកក និងក្អក ខណៈធ្វើដំណើរមកកាន់ប្រទេសវៀតណាមវិញ ប៉ុន្តែពុំមាននរណាចាប់អារម្មណ៍នោះទេ។ រហូតដល់ ១០ម៉ោងក្រោយមក នៅពេលដែលនាងជិះយន្តហោះដល់វៀតណាមវិញ នាងបានចូលសម្រាកនៅមន្ទីរពេទ្យចំនួន ៣ថ្ងៃ មុនពេលរកឃើញថា បានឆ្លងជំងឺ COVID-19។

ក្រោយមកអ្នកដំណើរដែលធ្លាប់រួមយន្តហោះជាមួយនាងចំនួន ១៥នាក់ ផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍ថាបានឆ្លងជំងឺ COVID-19។ រឿងនេះគឺជារឿងមួយក្នុងចំណោមអត្ថបទចំនួន ២ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ដែលបង្ហាញពីរបៀបដែលមេរោគ COVID-19 រីករាលដាលនៅពេលធ្វើដំណើរលើយន្តហោះ ហើយបានលើកឡើងថា ការរក្សាគម្លាតតិចតួចនៅលើយន្តហោះ មិនអាចធានាការចម្លងជំងឺបាននោះទេ។ នៅក្នុងឧប្បត្តិហេតុមួយទៀត អ្នកដំណើរនៅលើជើងហោះហើរពីបូស្តុន អាមេរិក ទៅហុងកុង ហាក់ដូចជាបានចម្លងទៅអ្នកបម្រើការលើយន្តហោះ ២នាក់ ផ្សេងទៀត។ ករណីទាំង ២ ត្រូវបានគេនិយាយថា ពាក់ព័ន្ធនឹងការហោះហើររយៈពេលវែង នៅដំណាក់កាលដំបូងនៃជំងឺរាតត្បាត មុនពេលក្រុមហ៊ុនអាកាសចរណ៍ចាប់ផ្តើមទាមទារឱ្យមានការពាក់ម៉ាស់មុខ៕

អត្ថបទ៖ លីដា
ប្រភព៖ Dailymail

Share This Post: