ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅឥណ្ឌាពេលនេះ បានកើនដល់ ៥.៦លាននាក់ ខណៈរកឃើញអ្នកឆ្លងថ្មីជាង ៨៣,០០០នាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាប្រឈមនឹងការកើនឡើងនៃករណីជំងឺ COVID-19 បន្ទាប់ពីបានថយចុះករណីថ្មីៗមិនបានប៉ុន្មាន។ នៅក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ទៅ ៨៣,៣៤៧នាក់ ខណៈមានអ្នកស្លាប់ថ្មីចំនួន ១,០៨៥នាក់ នេះបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។

ប្រទេសឥណ្ឌាដែលមានប្រជាជនប្រមាណ ១.៤ ពាន់លាននាក់ កំពុងរាយការណ៍អំពីចំនួននៃការឆ្លងជំងឺប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក ហើយខ្លួនក៏កំពុងមានបញ្ហាទាក់ទងនឹងសេវាសុខភាព ដោយសារតែការកើនឡើងនៃចំនួនឆ្លងច្រើនហួសប្រមាណ។ ឥឡូវនេះការឆ្លងជំងឺ COVID-19 សរុបរបស់ប្រទេសបានកើនដល់ ៥.៦ លាននាក់ ដែលធ្វើឱ្យវាឈរនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក នៅក្នុងតារាងប្រទេសដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនបំផុត ខណៈមានមនុស្សចំនួន ៩ម៉ឺននាក់ បានស្លាប់ដោយសារជំងឺនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ