បុរសហុងគ្រីមានផ្ទុកកូវីដ១៩ សង្ងំក្នុងផ្ទះវីឡានៅក្រុងសៀមរាប និងជិះកង់បីទៅទិញផ្ទាំងគំនូរតែម្តងគត់ នៅគ្រឹះស្ថានអង្គរក្រុងសៀមរាប កាលពីថ្ងៃទី ១៧ ខែកញ្ញ
ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសជនជាតិហុងគ្រីរូបនេះ ត្រូវបានរកឃើញនៅវេលាម៉ោងប្រហែលជាង៩ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយគាត់បានសង្ងំនៅក្នុងផ្ទះវីឡាមួយ ក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និងភរិយា (មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ហើយដែរ។

ព័ត៌មានដែលក្រសួងទទួលបាននៅព្រឹកនេះ គឺក្រោយពីបុរសជនជាតិហុងគ្រីខាងលើនេះ ចាកចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឆ្ពោះទៅខេត្តសៀមរាបនោះ គាត់បានទៅម៉ៅតាក់ស៊ីមួយជិះម្នាក់ឯង (ឈប់ចាក់ប្រេងតែម្តងគត់នៅតាមផ្លូវ) ដោយមិនបានជួប ឬប៉ះពាល់អ្នកណាទាំងអស់ ក្រៅតែពីជិះតាក់ស៊ីនេះទេ។
ពេលមកដល់ខេត្តសៀមរាប គាត់នៅសង្ខំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច (សរសេរសៀវភៅ) មានតែថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មួយថ្ងៃគត់ ដែលគាត់ចេញទៅទិញផ្ទាំងគំនូរដោយជិះម៉ូតូកង់បី (តុតុ) នៅគ្រឹះស្ថានអង្គរក្រុងសៀមរាប រួចក៏ត្រឡប់មកផ្ទះគាត់វិញ។ រីឯភរិយាគាត់ ដោយសារមានម្ហូបអាហារជាច្រើនក្នុងផ្ទះស្រាប់ ស្ត្រីរូបនេះ ក៏មិនបានចេញទៅណាដែរ គឺបានចេញទៅផ្សារតែម្តងគត់ប៉ុណ្ណោះ តែពួកគាត់មានការអនុវត្តនូវវិធានការការពារ ដោយបានពាក់ម៉ាស់ពេលទៅកាន់ទីកន្លែងដូចបានជម្រាបជូនខាងលើ។ ចំណែកឯការរស់នៅរបស់គាត់ គឺមិនមានអ្នកផ្សេងមកប៉ះពាល់នោះឡើយ៕

