កូវីដ-១៩

អង់គ្លេសប្រឈមនឹងការកើនឡើងនៃករណីកូវីដ១៩ សារជាថ្មី ដោយរកឃើញអ្នកជំងឺថ្មី ៧,១៤៣នាក់ ជាចំនួនច្រើនបំផុតក្នុងមួយថ្ងៃមិនធ្លាប់មាន

BY
autoadmin
September 30, 2020

យោងតាមតួលេខផ្លូវការចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា ប្រជាជនចំនួន ៧,១៤៣នាក់ បន្ថែមទៀតនៅក្នុងប្រទេសអង់គ្លេស បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ​ COVID-19 ដែលនេះជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការរាតត្បាតដំបូងនៅក្នុងប្រទេសអង់គ្លេស។ ទិន្នន័យផ្លូវការបានបង្ហាញថា ការឆ្លងថ្មីដែលបានបញ្ជាក់ បាននាំឱ្យចំនួនសរុបនៃករណីឆ្លងនៅក្នុងប្រទេសមានរហូតដល់ ៤៣៩,០១៣ ខណៈស្លាប់សរុបមាន ៤២,០៧២ នាក់។

នៅចំពេលការកើនឡើងយ៉ាងខ្លាំងនៃករណី COVID-19 ការរឹតបន្តឹងបន្ថែមទៀតត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទ សម្រាប់ប្រជាជនដែលរស់នៅភាគឦសាននៃប្រទេសអង់គ្លេសរួមទាំង ការរឹតត្បិតផ្នែកច្បាប់ចំពោះប្រមូលផ្ដុំគ្នារវាងគ្រួសារនៅក្នុងទីតាំងណាមួយ។ យោងតាមកាសែត The Guardian បានឱ្យដឹងថា ការផ្ទុះឡើងនៃជំងឺ COVID-19 ត្រូវបានគេរាយការណ៍ថា មាននៅក្នុងបរិវេណសាលាយ៉ាងតិច ៥០ នៅទូទាំងចក្រភពអង់គ្លេស។ ឥឡូវនេះសាកលវិទ្យាល័យ Manchester Metropolitan បានស្នើឱ្យនិស្សិតប្រមាណ ១,៧០០នាក់ ធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីមាន ១២៧ ករណីត្រូវបានបញ្ជាក់៕

អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ

Share This Post: