កូវីដ-១៩

ការសិក្សាមួយបានបង្ហាថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅឥណ្ឌាអាចកើនដល់ជាង ៦០លានករណី

BY
autoadmin
October 1, 2020

ឥណ្ឌា៖ ការសិក្សាមួយបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាអាចនឹងកើនឡើងរហូតដល់ជាង ៦០ លានករណី ពោលគឺអាចកើនឡើង ១០ ដង បើធៀបនឹងតួលេខអ្នកឆ្លងនាពេលបចុប្បន្ននេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ដោយផ្អែកលើវិសាលភាពនៃការរាតត្បាតជំងឺជាក់ស្តែង វិធានការរបស់អាជ្ញាធរ និងស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋឥណ្ឌាគ្រប់រូប។

តាមរយៈទិន្នន័យដែលគេទទួលបានពីប្រជាពលរដ្ឋនិងការវិភាគទៅលើកត្តាខាងលើនេះទើបក្រុមអ្នកជំនាញឥណ្ឌាហ៊ានព្យាករណ៍ថា ចំនួនឆ្លងជំងឺកូវីដ ១៩​ នៅទូទាំងប្រទេសឥណ្ឌាអាចកើនដល់ ៦១ លានករណី ប្រសិនស្ថានភាពគ្រប់បែបយ៉ាងនៅបន្តដូចពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញឥណ្ឌាក៏បានឲ្យដឹងផងដែរថា ក្នុងករណីដែលគេអាចផលិតវ៉ាក់សាំងបានក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ការព្យាការណ៍របស់ពួកគាត់អាចនឹងប្រែប្រួលផងដែរ។ សូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលំដាប់ទី ២ នៅលើពិភពលោក ដោយគិតត្រឹមឆ្នាំ ២០២០ នេះឥណ្ឌាមានប្រជាពលរដ្ឋសរុបជាង ១,៤ ពាន់លាននាក់ ចំណែកចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុបវិញគិតត្រឹមពេលចុះផ្សាយនេះមានចំនួន ៦ ៣១០ ២៦៧ ករណី និងស្លាប់ ៩៨ ៧០៨ ករណីផងដែរ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Bangkok Post

Share This Post: