កូវីដ-១៩

លោក ដូណាល់ ត្រាំ និងភរិយា ត្រូវនៅដាច់ដោយឡែករង់ចាំលទ្ធផលតេស្តជំងឺកូវីដ១៩ បន្ទាប់ពីជំនួយការរបស់គាត់វិជ្ជមានជាមួយជំងឺ

BY
autoadmin
October 2, 2020

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចាប់ផ្តើមធ្វើចត្តាឡីស័កខ្លួនឯង ខណៈរង់ចាំលទ្ធផលនៃការធ្វើតេស្តរកជំងឺ COVID-19 បន្ទាប់ពីអ្នកស្រី Hope Hicks ដែលជាជំនួយការម្នាក់ក្នុងចំណោមជំនួយការជិតបំផុតរបស់គាត់ បានតេស្តវិជ្ជមានជាមួយជំងឺ។ លោក ដូណាល់ ត្រាំ បាននិយាយថា៖«នាងបានតេស្ដវិជ្ជមាន។ ខ្ញុំទើបតែបានដំណឹងនេះ» នៅក្នុងបទសម្ភាសន៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍ Fox News ប្រហែល ២ម៉ោង បន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ជាលើកដំបូងអំពីការធ្វើតេស្តវិជ្ជមានរបស់អ្នកស្រី។

ក្រោយមកនៅក្នុងសារ Twitter លោកប្រធានាធិបតីបាននិយាយថា គាត់និងលោកជំទាវទី១ Melania Trump បានធ្វើតេស្តរកមេរោគ ហើយកំពុងរង់ចាំលទ្ធផល។ ក្នុងពេលនេះយើងនឹងចាប់ផ្តើមដំណើរការដាច់ដោយឡែករបស់យើង!

យ៉ាងណាក៏ដោយវាមិនច្បាស់ថាតើការបង្ហោះសារនោះមានន័យថា លោកមានគម្រោងបញ្ឈប់យុទ្ធនាការសម្រាប់ការបោះឆ្នោតឡើងវិញនោះទេ។ កាលវិភាគផ្លូវការរបស់សេតវិមាននៅតែមានផែនការរបស់លោក ដូណាល់ ត្រាំ ក្នុងការជួបជាមួយអ្នកគាំទ្រនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រ បន្ទាប់មកហោះហើរទៅរដ្ឋផ្លរីដា សម្រាប់ការជួបជុំធ្វើយុទ្ធនាការនៅក្បែរ Orlando ។

អ្នកស្រី Hope Hicks បានធ្វើដំណើរជាមួយលោក ត្រាំ នៅលើយន្តហោះ Air Force One ទាំងទៅនិងមកពីការជជែកដេញដោលគ្នារបស់ប្រធានាធិបតីនៅទីក្រុង Cleveland កាលពីថ្ងៃអង្គារ និងទៅកាន់ការជួបជុំនៅរដ្ឋ Minnesota នៅថ្ងៃពុធ។ គាត់មានអារម្មណ៍មិនស្រួលអំឡុងនៅក្នុងរដ្ឋ Minnesota ហើយបាននៅដោយឡែកនៅលើយន្តហោះប្រធានាធិបតី នៅតាមផ្លូវធ្វើដំណើរទៅផ្ទះវិញ នេះបើយោងតាមមនុស្សដែលដឹងអំពីបញ្ហានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Livemint

Share This Post: