ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោងសាងសង់ផ្ទះសសរ១០០ឡើងវិញ ដែលមានអាយុកាលជាង២០០ឆ្នាំសម្រេចបាន៧០ភាគរយហើយ

    BY Khmernote Media October 2, 2020
    គម្រោងសាងសង់ផ្ទះសសរ១០០ឡើងវិញ ដែលមានអាយុកាលជាង២០០ឆ្នាំសម្រេចបាន៧០ភាគរយហើយ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គម្រោងសាងសង់ផ្ទះសសរ១០០ឡើងវិញសម្រេចបាន ៧០ភាគរយហើយ បន្ទាប់ពីចាប់ផ្តើមសាងសង់អស់រយៈពេលជិត ៤ខែកន្លងមក។ លោកស្រី ហ៊ុក ផល្លីនី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ មានប្រសាសន៍ថា ក្រោយពីបានរុះរើ ផ្ទះសសរ១០០ចេញពីទីតាំងដើមស្ថិតនៅភូមិកោះកណ្ដុរ ស្រុកឆ្លូង ខេត្តក្រចេះមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការអភិរក្ស សាងសង់ផ្ទះនេះឡើងវិញ នៅក្នុងបរិវេណខាងលិចវិហារបុរាណ វត្តរការកណ្តាល ក្រុងក្រចេះដើម្បីទុកផ្សព្វផ្សាយដល់ភ្ញៀវទេសចរនិងទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។

    លោកស្រីបញ្ជាក់ថា « មកដល់ពេលនេះក្រុមការងារសាងសង់សម្រេចបាន៧០ភាគរយហើយ នៅសល់៣០ភាគរយទៀតកំពុងបន្តកសាងបន្តទៀតដោយគ្រាន់តែមានជួបផលលំបាកខ្លះៗ ដោយសារគ្រឿងបង្គំផ្ទះ មានលក្ខណៈពុកផុយ អ៊ីចឹងជាងរបស់យើងមានការសាងសង់រាងយឺត ព្រោះត្រូវកាត់ចំណែកពុកផុយ ហើយតដាក់ឈើថ្មី ទៅតាមសំណៅដើម អ៊ីចឹងវាលំបាកក្នុងការសាងសង់ វាមិនស្រួលដូចសង់ផ្ទះថ្មីទាំងស្រុងនោះទេ» ។ លោកស្រីបានបន្ថែមថា ការសាងសង់ផ្ទះសសរ១០០នេះ គឺមិនបានដូចរចនាបថដើមទេ ដោយសារមានសសរចំនួន ៥ដើមត្រូវបានពុកផុយទាំងស្រុង ៥ដើមទៀតមានសភាពពុកផុយនៅផ្នែកខ្លះហើយត្រូវប្ដូរដាក់ឈើថ្មីជំនួសវិញ។

    សូមបញ្ជាក់ថា ផ្ទះបុរាណសសរ១០០នេះ មានអាយុកាលជាង២០០ឆ្នាំស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ផ្ទះនេះត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការសម្របសម្រួលជាមួយម្ចាស់ផ្ទះ ដោយបានប្រគល់ថវិកាមួយចំនួនឱ្យម្ចាស់ផ្ទះដើម្បីធ្វើការរុះរើផ្ទះបុរាណនេះហើយសាងសង់ឡើងវិញកាលពីថ្ងៃ២១ ខែមិថុនាកន្លងទៅ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: