កំពុងតែមានគ្រោះថ្នាក់រថយន្តកុងតឺន័របុកហើយកិនអ្នកបើកម៉ូតូស្លាប់ផង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតបើកយ៉ាងលឿនសំដៅក្រុមអ្នកសារព័ត៌មាន និងសមត្ថកិច្ច សំណាងចេះនាំគ្នារត់គេចទាន់ កុំអីមិនដឹងទៅជាយ៉ាងណា (មានវីដេអូ)
ភ្នំពេញ៖ រថយន្តកុងតឺន័មួយគ្រឿងបើកបុកម៉ូតូពីក្រោយ កិនអ្នកបើកបរធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម រួចបន្តទៅបុករ៉ឺម៉កកង់បីក្រឡាប់ផ្ងារជើង ហេីយបន្ថែមល្បឿនបេីករត់គេចបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនហុងដា (ជិតក្លឹបកម្សាន្តមីតណាយ) តាមបណ្តោយផ្លូវ(វេងស្រេង)ចោមចៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមអត្តសញ្ញាណប័ណ្ណនៅក្នុងកាបូប ជនរងគ្រោះដែលស្លាប់ឈ្មោះកង សុភ័ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
ម្ចាស់រ៉ឺម៉កកង់បីឈ្មោះយ៉ាង សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅកាណាស៊ីធី សង្កាត់ចោមចៅទី២ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីលិចទៅកើត ។ ចំណែកជនរងគ្រោះ(សព)ជិះម៉ូតូម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1M- 7343 កំពុងធ្វើដំណើរមកពីក្រោយគាត់សុខៗ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ មកបុកម៉ូតូពីក្រោយ ហើយកិនចំក្បាលជនរងគ្រោះជាអ្នកបើកបរម៉ូតូបណ្តាលឲ្យបែកក្បាលធ្លាយខួរចេញមកក្រៅ ស្លាប់យ៉ាងអាណោចអាធ័ម ។ ពេលនោះថយន្តមិនទាន់អស់ល្បឿនក៏បន្តមកបុករ៉ឺម៉កកង់បីគាត់ថែមទៀតបណ្តាលឲ្យក្រឡាប់ផ្ងារជើង តែសំណាងដែរ គាត់មិនរងរបួស ហើយភ្លាមៗនោះរថយន្តបង្កបានគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដើម្បីសម្រួលចរាចរណ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញ ឱ្យមកវាស់វែង និងយកម៉ូតូ រួមទាំងរ៉ឺម៉កកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយតាមច្បាប់។ ចំណែកសពសមត្ថកិច្ចធ្វេីកំណត់ហេតុ អោយរថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដេីម្បីរងចាំស្វែងរកសាច់ញាតិឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ អ្វីដែលកាន់តែហួសចិត្តបំផុតនោះគឺ ខណៈសមត្ថកិច្ចកំពុងតែធ្វើការអន្តរាគមន៍ និងអ្នកសារព័ត៌មានកំពុងតែចុះយកព័ត៌មាន ស្រាប់តែមានរថយន្តទ្រុងដឹកទំនិញមួយគ្រឿង បានបើកបរយ៉ាងលឿន សំដៅមកក្រុមអ្នកកាសែត និងសមត្ថកិច្ច ធ្វើឲ្យមានការភ្ញាក់ផ្អើលរត់ចែកជើងគ្នា សំណាងល្អមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់។ ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការដេញតាម ឃាត់អ្នកបើកបរនោះយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ ដោយក្រុមប្រជាពលរដ្ឋនៅម្តុំនោះមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះរថយន្តដឹកទំនិញនោះ ដែលបើកបរគ្មានសុជីវធម៌ មិនគោរពអាយុជីវិតអ្នកដទៃ៕

ដោយ៖ បងម៉េង ខ្មែរណូត