កម្ពុជាត្រៀមដាក់ក្បាច់គុនល្បុក្កតោចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រទេសកម្ពុជាត្រៀមដាក់ក្បាច់គុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីអភិរក្ស និងបង្ហាញឱ្យអន្ដរជាតិស្គាល់ពីវប្បធម៌របស់កម្ពុជាកាន់តែច្បាស់។ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ភាគីពាក់ព័ន្ធកំពុងតែពិភាក្សា និងខិតខំពន្លឿន ការដាក់ក្បាច់គុនខ្មែរមួយនេះចូលជាសម្បត្ដិបេតិកភណ្ឌរបស់ពិភពលោកនៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្ដមបានបញ្ជាក់ថា ការដាក់ក្បាច់គុនល្បុក្កតោចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ដើម្បីថែរក្សាមរតកបុព្វបុរសខ្មែរយើង ឱ្យបានគង់វង្ស និងលើកកម្ពស់ក្បាច់គុនខ្មែរនៅលើឆាកអន្ដរជាតិ ។ ទន្ទឹមនឹងនេះ កម្ពុជានឹងដាក់ក្បាច់គុនល្បុក្កតោ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងយកមេដាយ ខណៈកម្ពុជាមានសមាជិកចំនួន ៤ប្រទេសបានគាំទ្រ និងចូលរួមប្រកួត។
សំឡេង៖ «អ៊ីចឹងយើងបាននាំក្បាច់គុនល្បុក្កតោទៅប្រទេសទី៣ហើយ បានប្រទេសឡាវ វៀតណាម និងភូមាបានគាំទ្រអាចថា ក្នុងទិវា ក្នុងឆ្នាំ២០២៣ យើងបានដាក់វិញ្ញាសានេះប្រកួត ដើម្បីយកមេដាយ និងជាវិញ្ញាសាមួយដ៏ធំក្នុងពិធីបើកសម្រាប់បង្ហាញក្បាច់គុនល្បុក្កតោ នៅលើឆាកអន្ដរជាតិ ព្រោះក្បាច់គុននេះសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាយើង»។ ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជំរុញឱ្យសហព័ន្ធក្បាច់គុនល្បុក្កតោ បញ្ជូនគ្រូចេញទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស ឱ្យបានផុលផុស ដើម្បីពង្រីកក្បាច់គុនល្បុក្កតោឱ្យបានកាន់តែទូលំទូលាយថែមទៀត។
សូមបញ្ជាក់ថា ល្បុក្កតោ គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ ល្បុក្កតោជាក្បាច់គុនប្រកបដោយអនុភាព ខ្លាំងដូចសត្វតោ ហើយជាក្បាច់គុណដែលមានវ័យចំណាស់នៅក្នុងប្រទេសកម្ពុជា និងត្រូវបានប្រើប្រាស់ដើម្បីច្បាំងនឹងសត្រូវតាំងពី១០០០ឆ្នាំមុនមកម្ល៉េះ៕


ប្រភព៖ ក្រសួងព័ត៌មាន