ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដាក់ពិន័យមន្រ្តីជាប់កិច្ចសន្យាអនុវត្តខុសពីតួនាទី ដែលឃាត់ឡានលោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បេីកបរខុសទិសចរាចរណ៍ (ហាមត្រលប់ក្រោយ) និងបើកបរប្រើប្រាស់ទូរស័ព្ទដៃ
ភ្នំពេញ៖ កាលពីថ្ងៃមិញនេះ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បង្ហោះវិដេអូ អមដោយការសរសេររៀបរាប់ថា៖ សូមចំណាំ !!! គាត់មិនមែនជានគរបាលចរចរណ៍ទេ។ គាត់គឺជាមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ ចំណុចសម្គាល់ គឺគ្មានពាក់សក្តិលើស្មា គ្មានស្លាកសញ្ញានគរបាលនៅលើសម្លៀកបំពាក់។ តើតួនាទី និងភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យា ធ្វើអ្វីខ្លះ? គឺជួយសហការជាមួយនគរបាលចរាចរណ៍ដើម្បីសម្រួលចរាចរណ៍ តែគ្មានសិទ្ធិចេញមកបញ្ឈប់រាល់យានយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈដោយឯកឯងដូចនៅក្នុងវីដេអូនេះបានទេ។ រូបភាពនេះកើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មកម៉្លេះ ហើយខ្ញុំបានរាយការណ៍ជូនថ្នាក់ដឹកនាំរួចហើយដែរ ថ្នាក់ដឹកនាំក៏កំពុងដាក់វិន័យបុគ្គលនេះតាមរូបភាពបញ្ឈរជើងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី។

ខ្ញុំសូមអំពាវនាវដល់មន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញទាំងអស់ដែលកំពុងសហការជួយនគរបាលចរាចរណ៍តាមគោលដៅនានាក្នុងរាជធានី ភ្នំពេញ សូមបញ្ឈប់សកម្មភាព ចេញហៅ ឬឃាត់ ឬបញ្ឈប់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈដោយឯកឯងតទៅទៀត ពិព្រោះអស់លោក លោកស្រី នាងកញ្ញា មិនមែនជានគរបាលចរាចរណ៍ទេ។សូមអរគុណ។
ហើយនៅមុននេះបន្តិចក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា៖ គាំទ្រទាំងស្រុងមតិលេីកឡេីងរបស់លោកឧត្តមសេនីយ៍ត្រី ទីចំរេីនកុសល ប៉ុន្តែក្នុងនាមជាសមត្ថកិច្ចត្រូវតែចូលរួមគោរពច្បាប់ ដេីម្បីបង្ហាញជាគំរូដ៏ល្អដល់ប្រជាពលដ្ឋទូទៅ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ មានរថយន្តមួយគ្រឿងម៉ាក PRUIS ព័ណ៌ ស មិនចាំស្លាកលេខ បានបេីកបរខុសទិសចរាចរណ៍ (ហាមត្រលប់ក្រោយ) នៅគោលដៅស្តុបពេទ្យចិន ខណៈនោះមន្ត្រីជាប់កិច្ចសន្យាខាងលើ ក៏បានចេញធ្វេីការឃាត់ និងលូកដៃទាញយកទូរស័ព្ទពីម្ចាស់រថយន្តដែលកំពុងថតសកម្មភាព ដោយប្រើកាយវិការ និងពាក្យសម្តី មិនសមរម្យអំឡុងពេលអនុវត្តច្បាប់ ដោយឡែកមន្រ្តីជាប់កិច្ចសន្យាគឺ គ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ។ ហើយចំពោះករណីខាងលើនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានហៅមន្រ្តីជាប់កិច្ចសន្យារូបនេះ មកធ្វើកិច្ចសន្យា ត្រួតពិនិត្យ និងបានដាក់ពិន័យនៅការិយាល័យ រួចរាល់ហើយ ។
ដោយឡែកក្នុងករណីខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមគាំទ្រ និងយល់ស្របតាមមតិបស់លោកឧត្តមសេនីយ៍ត្រី ទី ចំរើនកុសល ដែលបានលើកឡើងថាមន្រ្តីជាប់កិច្ចសន្យាគឺគ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និងជួយសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ប៉ុន្តែទោះជាយ៉ាងណាជាការសំណូមពររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាការិយាល័យចរារណ៍ផ្លូវគោក សូមសំណូមពរដូចខាងក្រោម: ក្នុងនាមជាមន្រ្តីសមត្ថកិច្ច សូមមេត្តាចូលរួមបើកបរដោយគោរពច្បាប់ចរាចរណ៍ គោរពផ្លាកសញ្ញាចរាចរណ៍ គោរពគំនូសសញ្ញាចរាចរណ៍ ភ្លើងស្តុបចរាចរណ៍ ដេីម្បីបង្ហាញជាគំរូដ៏ល្អដល់ប្រជាពលរដ្ឋទូទៅ ម្យ៉ាងវិញទៀតដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ និងបញ្ចៀស កុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡេីងជាយថាហេតុ ៕

