សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង ភរិយាអោយឆាប់ជាសះស្បើយពីជំងឺ កូវីដ-១៩
កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក គឺ លោក ដូណាល់ ត្រាំ បានប្រកាសដោយផ្ទាល់ឲ្យអន្តរជាតិបានដឹងថា លោកនិងភរិយាបានធ្វើតេស្តវិជ្ជមាន ចំពោះជំងឺ COVID-19 បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក គឺលោកស្រី ហូប ហីក បានឆ្លងជំងឺនេះ។

ហើយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារជូនពរដល់ប្រធានាធិបតីរូបនេះអោយឆាប់ជាសះស្បើយឡើងវិញ ដោយសារជូនពរនោះមានអត្ថន័យដូចតទៅ៖
“ឯកឧត្តម ដូណាល់ យ៉េ ត្រាំ, ប្រធានាធិបតី សហរដ្ឋអាមេរិក, ក្រុងវ៉ាស៊ីនតោន ឌីស៊ី. ឯកឧត្ដមជាទីគោរពរាប់អាន, ខ្ញុំ និងភរិយា មានកី្តក្រៀមក្រំជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្តមប្រធានាធិបតី ព្រមទាំងលោកជំទាវបានឆ្លងមេរោគកូវីដ១៩ ក្នុងខណៈពេលដែលសហរដ្ឋអាមេរិក និងពិភពលោកកំពុងប្រយុទ្ឋប្រឆាំងនឹងជម្ងឺថ្មីនេះ ក៏ដូចជាដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងជីវភាពប្រជាជន។
ខ្ញុំ និងភរិយា សូមជូនពរស័ព្ទសាធុការដ៏បវរសូមឲ្យឯកឧត្តម និងលោកជំទាវឆាប់បានជាសះស្បើយឡើងវិញ និងមានសុខភាពល្អបរិបូណ៌។
ខ្ញុំសូម ឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។“
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោកប្រធានាធិបតិ ដូណាល់ ត្រាំ និងភរិយា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាមួយកន្លែង៕
