កូវីដ-១៩

អ្នករចនាដ៏ល្បីរបស់ជប៉ុនលោក Takada Kenzo បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩

BY
autoadmin
October 5, 2020

អ្នកច្នៃម៉ូដដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស Takada Kenzo និងជាស្ថាបនិកនៃម៉ាកយីហោពិភពលោក KENZO បានទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ បន្ទាប់ពីបានឆ្លងជំងឺ COVID-19 ។ ការិយាល័យរបស់គាត់នៅប្រទេសជប៉ុននិយាយថា លោក Takada Kenzo បានសម្រាកនៅក្នុងមន្ទីរពេទ្យនៅជិតទីក្រុងប៉ារីស ចាប់តាំងពីគាត់បានឆ្លងជំងឺ COVID-19 នៅពាក់កណ្តាលខែកញ្ញា។ ការិយាល័យនិយាយថា ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺននៅដើមខែនេះ ហើយបានស្លាប់នៅប្រហែលម៉ោង ៤ល្ងាច នៅថ្ងៃអាទិត្យម៉ោងនៅប្រទេសបារាំង។

លោក Takada Kenzo កើតនៅខេត្ត Hyogo ភាគខាងលិចនៃប្រទេសជប៉ុនក្នុងឆ្នាំ១៩៣៩ និងបានចូលរៀននៅមហាវិទ្យាល័យម៉ូដ Bunka នៅក្នុងទីក្រុងតូក្យូ។ មិត្តរួមថ្នាក់របស់គាត់រួមមាន Koshino Junko ដែលជាអ្នកច្នៃម៉ូដដ៏ល្បីលើពិភពលោកមួយរូបផងដែរ។ លោក Takada Kenzo បានផ្លាស់ទៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៦៥ នៅពេលគាត់មានអាយុ ២៥ឆ្នាំ។ គាត់ទទួលបានភាពល្បីល្បាញបន្ទាប់ពីគាត់បានបញ្ចេញម៉ូដ ដោយផ្អែកលើសម្លៀកបំពាក់របស់ជនជាតិ និងរៀបចំកម្មវិធីបង្ហាញម៉ូដនៅក្នុងហាងស្រា និងរោងល្ខោន ជំនួសឱ្យការបង្ហាញក្នុងហាងសម្លៀកបំពាក់។

នៅឆ្នាំ១៩៨៤ លោក Takada Kenzo ទទួលបានមេដាយ​ថ្នាក់​អស្សឫទ្ធិ Chevalier (Knight) de l’Ordre des Arts et des Lettres និង Légion d’honneur កាលពីឆ្នាំ២០១៦ ពីប្រទេសបារាំង ហើយបានទទួលមេដាយកិត្តិយសនៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៩។ លោក Takada Kenzo ក៏បានរចនាឯកសណ្ឋានផ្លូវការសម្រាប់គណៈប្រតិភូជប៉ុន ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងអាថែន ប្រទេសក្រិក កាលពីឆ្នាំ២០០៤ ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: