ទុស្សេឆាបឆេះខ្សែអ៊ីនធឺណេត នៅក្រោយវត្តកោះ ផ្អើលអ្នកជិតខាងយកបំពង់អគ្គិភ័យបាញ់មិនរលត់ ទាល់តែឡានទឹកមកបាញ់ទើបរលត់ទៅវិញ
រាជធានីភ្នំពេញ ៖ ខ្សែកាប ខ្សែអុបទិក ខ្សែអ៉ិនធឺណេតចម្រុះ ដែលតភ្ជាប់អូសបន្តគ្នាពីបង្គោលភ្លើងតាមចិញ្ចើមផ្លូវ គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះ បែរជាផ្ទុះស្សេឆាបឆេះបែកផ្កាភ្លើងលាន់លឺផាំងៗ ផ្អើលប្រជាពលរដ្ឋភ័យស្លន់ស្លោ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ទាំងយប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣:៥០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចក្រោយវត្តកោះ មុខកន្លែងលក់ត្រីលំអរផ្ទះមួយកន្លែងយីហោ ស៊ូទៀង លើផ្លូវ៦៣ កែងផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីបុរសម្ចាស់ផ្ទះមួយកន្លែងនៅក្បែរនោះដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ខណៈពេលកំពុងសម្រានលង់លក់ក្នុងផ្ទះរបស់គាត់ ចម្ងាយពីកន្លែងកើតហេតុជិត១០០ម៉ែត្រ ស្រាប់តែលឺសម្លេងផាំងៗដូចគេដុតផាវ រូបគាត់ក៏បានបើកទ្វារផ្ទះដើរចេញទៅអឺតមើល ស្រាប់តែឃើញខ្សែភ្លើងនៅចំណុចកើតហេតុ កំពុងឆ្លងចរន្តអគ្គិសនី(ទុស្សេ) បែកផ្កាភ្លើងធ្លាក់រាយប៉ាយពេញដី និងឆេះខ្សែភ្លើងចេញជាអណ្ដាតភ្លើងយ៉ាងខ្លាំង ទើបគាត់ស្រែកឆោឡោថា ភ្លើងឆេះហើយៗ ដើម្បីហៅអ្នកជិតខាងភ្ញាក់ពីដំណេកចេញមកជួយពន្លត់គ្នា ទើបបង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ដែរ តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ផង ។
មួយសន្ទុះក្រោយមក គេឃើញមានកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ មានទាំងកម្លាំងអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅជួយសម្រួលចរាចរណ៍ ទុកផ្លូវឲ្យរថយន្តពន្លត់អគ្គិភ័យងាយស្រួល ចូលទៅបាញ់ពន្លត់ផងដែរ មិនបានប៉ុន្មានផងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកដល់ និងរៀបចំទុយោដើម្បីបាញ់ពន្លត់ភ្លើង តែគ្រប់ខ្សែភ្លើងទាំងអស់នោះ សុទ្ធតែមានចរន្តភ្លើង ហើយនៅផ្ទុះបែកផ្កាភ្លើងផាំងៗថែមទៀតផង ទើបសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បញ្ជាក់ថា ក្នុងកាលៈទេសៈនេះ មិនអាចយកទឹកទៅពន្លត់បានឡើយ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់យើងមិនខានឡើយ ដោយរង់ចាំទំនាក់ទំនងប្រាប់លេខប្រអប់ភ្លើងអោយខាងអគ្គិសនីកម្ពុជា បិទផ្ដាច់ចរន្តអគ្គិសនីសិន ទើបអាចបាញ់ទឹកពន្លត់បាន ។

ប្រហែលជា១០នាទីក្រោយមក ក្រុមការងារEDC ក៏បានបិទចរន្តអគ្គិសនី ក្រុមពន្លត់អគ្គិភ័យដែលត្រៀមលក្ខណៈអន្តរាគមន៍នោះ បាញ់ពន្លត់ភ្លើង ទាល់តែរលត់ទៅវិញទាំងស្រុង ដោយប្រើទឹកអស់មិនដល់មួយគ្រឿងទេ និងមិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ ឬរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើង ខ្សែអុបទិកផ្សេងៗធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ចរន្តអគ្គិសនីតែប៉ុណ្ណោះ និងមិនបានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្បែរខាងឡើយ ។
យ៉ាងណាមិញ ក្រោយពីកើតហេតុក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា EDC ចុះមកពិនិត្យមើលកន្លែងហេតុ និងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីបន្ទប់ភ្លើងលេខ ០៨៥-F5 មូលហេតុបណ្តាលមកពីឆេះខ្សែអ៊ីនធឺណែត ហើយរាលដាលឆេះខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីកាលពីម៉ោងកើតហេតុខាងលើ បច្ចុប្បន្នក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង០៧:០៥នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត