ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើករថយន្តស្លាកលេខនគរបាលចេញពីផឹកស៊ី បំពានស្លាកសញ្ញាទៅបុករថយន្តគេ ហើយហៅកូនចៅមកចរចា រួចដោះស្លាកលេខគេចចេញទៅបាត់

    BY Khmernote Media October 5, 2020
    បើករថយន្តស្លាកលេខនគរបាលចេញពីផឹកស៊ី បំពានស្លាកសញ្ញាទៅបុករថយន្តគេ ហើយហៅកូនចៅមកចរចា រួចដោះស្លាកលេខគេចចេញទៅបាត់

    រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត MITSUBISHI PAJERO Sport ស្លាកលេខនគរបាល ២-៦១៩៤ បើកបរដោយលោកអធិការរងនគរបាលខណ្ឌចំការមនម្នាក់ ទើបចេញពីកម្មវិធីជប់លៀង ក្នុងល្បឿនលឿន តាមផ្លូវលេខ៩៩ ឆ្លងកាត់ផ្លូវបំបែកទាំងបំពានស្លាកសញ្ញាចរាចរណ៍ “ឈប់” ទៅបុកកង់មុខចំហៀងខាងស្តាំរថយន្ត ១គ្រឿងម៉ាក TOYOTA CAMARY បណ្តាលឲ្យរងការខូចខាតចំហៀងមុខផ្នែកខាងស្ដាំយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសទេ ក្រោយមកក៏ទំនាក់ទំនងហៅកូនចៅមកដោះស្លាកលេខរថយន្តចេញ និងយករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅម៉ោង០២:៣០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី០៤ ខែតុលា ឆ្នាំ២០២០នេះ នៅផ្លូវបំបែកជាបួន លើផ្លូវលេខ៤៨៤ កែងផ្លូវលេខ៩៩ ខាងលិចក្លោងទ្វារវិទ្យាល័យបឹងត្របែក (ប្រហែល១២០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះជាអ្នករត់ម៉ូតូឌុបនៅក្បែរកន្លែងកើតហតុដែលឃើញផ្ទាល់ភ្នែកបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2O-3302 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមផ្លូវលេខ៤៨៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា លុះមកដល់កន្លែងកើតហេតុ ផ្លូវបំបែកជាបួន កែងផ្លូវលេខ៩៩ ក៏បានបន្ថយល្បឿន ស្រាប់តែឃើញរថយន្តមួយគ្រឿងទៀត ម៉ាក MITSUBISHI PAJERO Sport ពណ៌ស ពាក់ស្លាកលេខនគរបាល 2-6194 ដែលបើកបរដោយបុរសម្នាក់ ដែលស្គាល់ច្បាស់ថាជា អធិការរងនគរបាលខណ្ឌចំការមន ព្រះនាម (បាសាក់១៥) បានធ្វៀដំណើរក្នុងល្បឿនយ៉ាងលឿន តាមផ្លូវលេខ៩៩ ទិសដៅពីជើងមកត្បូង មិនបានបន្ថយល្បឿនទេ ថែមទាំងបើកបំពានស្លាកសញ្ញាចរាចរណ៍ថែមទៀត ក៏ជ្រុលទៅបុកចំកង់មុខចំហៀងខាងស្តាំរថយន្តកាម៉ារី បណ្តាលឲ្យរថយន្តកាម៉ារី រងការខូចខាតផ្នែកកង់មុខចំហៀងខាងស្ដាំយ៉ាងដំណំ និងរថយន្តពាក់ស្លាកលេខនគរបាលនោះ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយក៏បើកទៅមុខប្រហែល ៥ម៉ែត្រទៀត ទើបឈប់ ហើយចុះមកពិនិត្យមើលរថយន្តរបស់ខ្លួន តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។

    បើតាមសម្ដីបុរសម្ចាស់រថយន្តកាម៉ារីបានរៀបរាប់ប្រាប់ថា ដំបូងឡើយគាត់បានបើករថយន្តរបស់គាត់ ពីកើតទៅលិច ក្នុងលឿនធម្មតា មកដល់ចំណុចកើតហេតុគាត់បានឃើញរថយន្ត បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាអធិការរងនគរបាលខណ្ឌចំការមន ដែលទើបចេញពីកម្មវិធីជប់លៀង បានបើកបរក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿន បានឆ្លងស្តុបដូចគ្នា តែបំពានស្លាកសញ្ញាចរាចរណ៍ “ឈប់” ទើបជ្រុលទៅបុកកង់មុខចំហៀងខាងស្តាំរថយន្តកាម៉ារី របស់គាត់ រងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ តែក្រោយមក ម្ចាស់រថយន្តបង្ក បានហៅបុរសម្នាក់ទៀតមកធ្វើជាចរចាគ្នា ខណៈពេលកំពុងនិយាយគ្នា ស្រាប់តែម្ចាស់រថយន្ត ស្លាកលេខនគរបាល នោះ ហៅកូនចៅមកដោះស្លាកលេខទាំងមុខទាំងក្រោយចេញហើយ ក៏ឡើងជិះម៉ូតូជាមួយគ្នាជិះគេចខ្លួនចេញទៅបាត់ស្រមោល។ បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបានប្រគល់អោយសមត្ថកិច្ចចុះមកវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: