ពលករនី២រូបបម្រើការងារនៅម៉ាឡេស៊ី ដែលត្រូវថៅកែវាយធ្វើបាប និងមិនបើកប្រាក់ខែអោយ ត្រូវបានស្ថានទូតកម្ពុជាជួយអន្តរាគមន៍
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកហ្វេស ប៊ុក ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីបានជួយដល់ពលករនីចំនួន ២រូបដែលបម្រើការងារ នៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានថៅកែវាយធ្វើបាប និងមិនបើកប្រាក់ខែអោយ។

១-ពលការិនី ងួន វ៉ាន់ អាយុ៣១ឆ្នាំ មកពីភូមិចារឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បានមកធ្វើការងារផ្ទះដោយស្របច្បាប់ជាមួយនិយោជកឈ្មោះ Wing SaiLoong នៅទីក្រុងកូឡាឡាំពួរតាមរយៈក្រុមហ៊ុនឈ្មោះ CECH កាលពីឆ្នាំ 2010។ ដោយចង់ត្រឡប់ទៅកម្ពុជាវិញពលការិនីបានរត់ចេញពីផ្ទះនិយោជកនិងបានមកដល់ស្ថានទូតនៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតបានជួយសម្របសម្រួលទាមទារប្រាក់ខែនៅខ្វះពីនិយោជកចំនួន ៣៨៨០០រីងហ្គីតប្រមាណ ៩ពាន់ដុល្លារអាមេរិកនិងស្នើនិយោជករៀបចំឯកសារពាក់ព័ន្ធទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីដើម្បីពលការិនីអាចត្រឡប់ទៅកម្ពុជាបាន។ ក្នុងអំឡុងពេលរង់ចាំត្រឡប់ទៅកម្ពុជាវិញស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅនិងម្ហូបអាហារបរិភោគព្រមទាំងចាត់មន្ត្រីជូនពលការិនីខាងលើទៅអាកាសយានដ្ឋានអន្តរជាតិ KLAI ផងដែរ។
២-ពលការិនី ឯល ម៉ារី អាយុ៣២ឆ្នាំ មកពីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានមកធ្វើការងារផ្ទះដោយខុសច្បាប់នៅBentong រដ្ឋPahang កាលពីខែមីនាឆ្នាំ២០១៨ តាមរយៈមេខ្យល់ឈ្មោះហាសាណាស់។ ពលការិនីត្រូវនិយោជកប្រើឲ្យធ្វើការងារផ្ទះនិងជួយលក់ខោអាវគ្មានពេលសម្រាកនិងមិនផ្ដល់ការហូបចុកគ្រប់គ្រាន់។ ពលការិនីបានរត់ចេញពីផ្ទះនិយោជកនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ព្រោះត្រូវនិយោជក បានវាយធ្វើបាបជាប្រចាំមានស្នាមពេញដៃជើងហើយជាចុងក្រោយត្រូវវាយបាក់ធ្មេញមុខពីរ។ នៅតាមផ្លូវពលការិនីបានរត់ទៅជួបអ្នកទទួលខុសត្រូវមជ្ឈមណ្ឌលសាសនាឈ្មោះមហាម៉េតអាសាំអាស៊ីមូតនិងបានសូមឲ្យគាត់ជួយ។
អ្នកទទួលខុសត្រូវនៅមជ្ឈមណ្ឌលបាននាំពលការិនីទៅប្ដឹងប៉ូលិសនៅតំបន់នោះហើយនិយោជកត្រូវប៉ូលីសចាប់ប្រកាន់ពីបទ ប្រើប្រាស់ការងារដោយបង្ខំនិងកំពុងដំណើរការក្តីនៅតុលាការ។ បច្ចុប្បន្នពលការិនីកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលស្នាក់នៅរបស់រដ្ឋាភិបាលម៉ាឡេស៊ីចំពោះប្រាក់ខែនិងសំណងផ្សេងៗអាជ្ញាធរម៉ាលេស៊ី នឹងរៀបចំទៅតាមការសម្រេចរបស់តុលាការនៅពេលបញ្ចប់ការកាត់ក្តីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ដោយពលការិនីនិងគ្រួសារនៅកម្ពុជាមានជីវភាពក្រីក្រខ្លាំងអង្គការសម្ព័ន្ធចាប់ដៃនៅកម្ពុជា ក៏បានជួយទិញសំបុត្រយន្តហោះជូនផងដែរ៕
