ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រពន្ធចាំថ្នាំប្តីយកមកផឹក ឯកូនចាំទឹកដោះឪពុកយកទៅបៅ ចៃដន្យត្រូវនារីម្នាក់បើករថយន្តស៊េរីទំនើបជ្រុលបុក បណ្តាលឲ្យបុរសម្នាក់ស្លាប់ចោលប្រពន្ធកូន

    BY Khmernote Media October 9, 2020
    ប្រពន្ធចាំថ្នាំប្តីយកមកផឹក ឯកូនចាំទឹកដោះឪពុកយកទៅបៅ ចៃដន្យត្រូវនារីម្នាក់បើករថយន្តស៊េរីទំនើបជ្រុលបុក បណ្តាលឲ្យបុរសម្នាក់ស្លាប់ចោលប្រពន្ធកូន

    ភ្នំពេញ ៖ រូបភាពប៉ុន្មានសន្លឹកនេះពិតជាខ្លោចចិត្ត ខណៈដែលប្រពន្ធកំពុងរងចាំថ្នាំដែលប្តីខំចំណាយពេលមួយកំណាត់ថ្ងៃទៅរកទិញជូននាង ចំណែកកូនប្រុសស្រី ពួកគេក៏កំពុងរងចាំលោកពុក ទិញទឹកដោះគោជូនពួកគេបៅផងដែរ…. សូមឲ្យវិញ្ញាណក្ខន្ធគាត់បានទៅកាន់សុខគិតិភពផង យប់នេះប្តីរបស់បងស្រី និងឱពុករបស់ក្មួយៗ មិនបានត្រឡប់ទៅផ្ទះវិញ នូវស្នាមញញឹមដូចរាល់ដងទេ គាត់ត្រូវបានសាច់ញាតិជូនដំណើរដល់ផ្ទះ ដោយសភាពស្ងប់ស្ងាត់បំផុត ។

    សូមបញ្ជាក់ថា នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក AUDI Q7 មួយគ្រឿង បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៩មួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរី រ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

    រថយន្តបង្កម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-0805 បើកបរដោយនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។ រីឯម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1P -1443 ជិះដោយបុរសម្នាក់ឈ្មោះ ខន សុភួន អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះ៩៨ ផ្លូវលំ ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង (ត្រូវបានស្លាប់នៅកន្លែងកើតហេតុ) ។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញភាគីខាងម៉ូតូធ្វើដំណើរតាមផ្លូវបេតុងក្នុងបុរី រ៉ូយ៉ាល់មេគង្គ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះក៏មានភាគីរថយន្តបង្កខាងលើធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាដោយប្រើល្បឿនលឿន បានបុកម៉ូតូរងគ្រោះពេញទំហឹង និងកិនម៉ូតូអូសប្រហែល១០ម៉ែត្ររងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យបុរសម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ ។

    ក្រោយមក បងប្អូនប្រជាពលរដ្ឋបានឃាត់នារីម្នាក់ដែលជាអ្នកបើកបររថយន្តប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន រួចសមត្ថកិច្ចក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងស្ទួចយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោស្រាយតាមក្រោយ ។ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: