ជិះម៉ូតូសុខៗ ស្រាប់តែលឺសម្លេងផាំងៗដូចគេដុតផាវ ងាកមើលលើឃើញបែកផ្កាភ្លើងធ្លាក់រាយប៉ាយពេញដី ហើយឆេះចេញជាអណ្ដាតភ្លើង ទើបស្រែកហៅគេឯងជួយ
ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះប្រអប់ភ្លើងនៅជាប់បង្គោលភ្លើងមួយកន្លែង បណ្ដាលឲ្យផ្ទុះបែកផ្កាភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រើនបំពង់មកបាញ់ពន្លត់ដែរ តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍កាលពីម៉ោង០៣:៣៥នាទីទាបភ្លឺ ឈានចូលថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចបង្គោលខ្សែភ្លើងមួយកន្លែង ជាប់របងខាងមុខសាលាអាស៊ាន(ទល់មុខអធិការនគរបាលខណ្ឌច្បារអំពៅ) ផ្លូវលេខ៣៦៧ ក្នុងភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

បើតាមសម្ដីបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនៅក្បែរនោះដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលគាត់ជិះម៉ូតូទៅរកដឹកម៉ូយ ស្រាប់តែលឺសម្លេង ផាំងៗដូចគេដុតផាវ រូបគាត់ក៏បានងាកមើល ស្រាប់តែឃើញនៅលើបង្គោលខ្សែភ្លើងនៅត្រង់ចំណុចកើតហេតុ កំពុងឆ្លងចរន្តអគ្គិសនី(ទុស្សេ) បែកផ្កាភ្លើងធ្លាក់រាយប៉ាយពេញដី និងឆេះខ្សែភ្លើងចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបគាត់ស្រែកឆោឡោថា ភ្លើងឆេះហើយៗ ទំរាំតែបង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង បានចេញមកជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ផង ។
មួយសន្ទុះក្រោយមក គេឃើញមានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចេញជួយសម្រួលដល់ប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ ទុកផ្លូវឲ្យរថយន្តពន្លត់អគ្គិភ័យងាយស្រួល ចូលទៅបាញ់ពន្លត់ផងដែរ មិនបានប៉ុន្មានផងរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកដល់ និងរៀបចំទុយោដើម្បីបាញ់ពន្លត់ភ្លើង តែគ្រប់ខ្សែភ្លើងទាំងអស់នោះ សុទ្ធតែមានចរន្តភ្លើង ហើយនៅផ្ទុះបែកផ្ការភ្លើងផាំងៗថែមទៀតផង ទើបសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បញ្ជាក់ថា ក្នុងកាលៈទេសៈនេះ មិនអាចយកទឹកទៅពន្លត់បានឡើយ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់យើងមិនខានឡើយ ដោយរងចាំខាងអគ្គិសនីកម្ពុជា បិទផ្ដាច់ចរន្តអគ្គិសនីសិន ទើបអាចបាញ់ទឹកពន្លត់បាន ទើបធ្វើឲ្យអណ្ដាតភ្លើងឆេះខ្សែភ្លើង រាលដាលកាន់តែខ្លាំងឡើង។
ភ្លាមៗនោះដោយព្រួយបារម្ភខ្លាចរាលដាលកាន់តែខ្លាំង អ្នកជិតខាងផ្ទះដែលមានបំពង់ពន្លត់អគ្គិភ័យ បានយកបំពង់ពន្លត់អគ្គិភ័យអោយក្រុមពន្លត់អគ្គិភ័យ យកទៅបាញ់ពន្លត់រហូតរលត់ទាំងស្រុងតែម្ដង ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យឡើយ ។ សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីនេះ បានរលត់ទៅវិញហើយមិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ ឬរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ចរន្តអគ្គិសនីតែប៉ុណ្ណោះ និងមិនបានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្បែរខាងឡើយ តែខូចខាតស្លាកបាណូខាងមុខនិងយាបខាងមុខផ្ទះបន្តិចបន្តួចប៉ុណ្ណោះ ។
ក្រោយពីកើតហេតុក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា EDC ចុះមកពិនិត្យមើលមួយជំហ៊ានសិន និងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីបន្ទប់ភ្លើងលេខ៣៣១-F5 និងF6 ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ ៕
