កម្មវិធី Twitter កំពុងដាក់ការរឹតត្បឹតថ្មីៗប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិតីអាមេរិក
បច្ចេកវិទ្យា October 10, 2020 lyda

ក្រុមហ៊ុន Twitter កំពុងដាក់ការរឹតត្បឹត និងបន្ថែមស្លាកព្រមានថ្មីៗ ដើម្បីការពារការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោតប្រធានាធិបតីអាមេរិក។ Twitter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ចុងបញ្ចប់នៃសប្តាហ៍បោះឆ្នោតនៅសហរដ្ឋអាមេរិក អ្នកប្រើប្រាស់ទូទាំងពិភពលោកនឹងត្រូវបានលើកទឹកចិត្តឱ្យផ្អាកនិងគិតជាមុន មុនពេលពួកគេចុច «retweet»។ ក្រុមហ៊ុនបាននិយាយថា អ្នកប្រើប្រាស់ដែលចុច «retweet» នឹងត្រូវបានលើកទឹកចិត្តឱ្យបន្ថែមយោបល់ផ្ទាល់ខ្លួន សម្រាប់ «quote tweet» របស់ពួកគេ។

វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះក៏នឹងដាក់ flag tweet ដែលប្រកាសអំពីជ័យជម្នះជាមុន និងលុបចោលនូវអ្វីដែលជំរុញឱ្យប្រជាជនជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោត តាមរយៈសកម្មភាពហិង្សាណាមួយ។ ដោយមានរយៈពេលតិចជាងមួយខែមុនការបោះឆ្នោតមកដល់ អ្នកបោះឆ្នោតអាមេរិកមួយចំនួនត្រូវបានគេរំពឹងថា នឹងជ្រើសរើសយកការបោះឆ្នោតផ្ញើតាមអ៉ីម៉ែល ដោយសារការរីករាលដាលនៃជំងឺឆ្លង COVID-19 ។

លទ្ធផលបោះឆ្នោតអាចត្រូវបានពន្យារពេល ដោយសារតែពេលវេលាដែលក្នុងការរាប់ចំនួនសន្លឹកឆ្នោតដែលផ្ញើតាមអ៉ីម៉ែល មានចំនួនច្រើនមិនធ្លាប់មានពីមុនមក។ ប្រទេសរុស្ស៊ីត្រូវបានគេចោទប្រកាន់ថា បានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ក៏បានរឹតបន្តឹងវិធានការប្រឆាំងនឹងការផ្សាយពាណិជ្ជកម្មនយោបាយ និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោតផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK