ចូលរួមរំលែកទុក្ខ! នារីម្នាក់ដើរបណ្តើរ មើលទូរស័ព្ទបណ្តើរ បណ្តាលឲ្យរអិលជើងធ្លាក់ប្រឡាយលង់ទឹកស្លាប់
ខេត្តពោធិ៍សាត់៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយរអិលជើងធ្លាក់ប្រឡាយទឹក អំឡុងជំនន់ទឹកភ្លៀង។ សពរបស់នារីរងគ្រោះត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋរកឃើញកាលពីវេលាម៉ោង០៧ និង១៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់។

នារីរងគ្រោះមានឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ ជាអតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ជំនាញអគ្គិសនី ប៉ុន្តែសព្វថ្ងៃបានផ្ទេរការសិក្សាមករៀននៅសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់ ជំនាញគណនេយ្យវិញ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នាវេលាម៉ោង០៤ និង០០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីនារីម្នាក់លង់ទឹកស្លាប់ ដោយសារតែនារីរងគ្រោះដើរបណ្តើរមើលទូរស័ព្ទបណ្តើរ មិនប្រយ័ត្នបណ្តាលឲ្យរអិលជើងធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់តែម្តង។ ក្រោយសមត្ថកិច្ច និងប្រជាពលរដ្ឋរកឃើញសាកសព ក៏បានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
