ចូលផឹកស៊ី រាំលេង ក៏កើតជម្លោះបន្តិចសោះ ភាគីម្ខាងទៀតហ៊ុចគ្រាប់កាំភ្លើងគំរាម ហើយថា “កាំភ្លើងមានគ្រាប់មួយបង់ពេញ តែឥលូវបងអោយប្អូនឯងមួយគ្រាប់ទុកសិន បើចង់មានរឿង ចាំចេញទៅក្រៅជួបបងក៏បាន”
រាជធានីភ្នំពេញ ៖ ចូលផឹកស៊ីជល់កែវសប្បាយក្អាកក្អាយ ហើយរាំលេងកម្សាន្តបានបន្តិច ក៏កើតមានជម្លោះបន្តិចសោះ ស្រាប់តែហ៊ុចគ្រាប់កាំភ្លើងគំរាមយុវជនម្នាក់ ធ្វើឲ្យគ្នាមានការភិតភ័យយ៉ាងខ្លាំង ហើយគិតលុយចេញមកមុន ដើម្បីទៅហៅសមត្ថកិច្ចមកជួយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៤៖៤៥នាទីទាបភ្លឺឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែងយីហោ BM ផ្លូវក្រោយស្ថានទូតរុស្សី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ និត អាយុ២៣ឆ្នាំ និងទី២.មានឈ្មោះ ធារ៉ា អាយុ២៥ឆ្នាំ បានរៀបរាប់ប្រាប់ភ្នាក់ងារខ្មែរណូតថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់ និងមិត្តភក្តិ៣នាក់ទៀត បានចូលផឹកស៊ីក្នុងហាងកលតហេតុជាមួយគ្នាយ៉ាងសប្បាយរីករាយ លុះពេលផឹកបណ្ដើរឡើងរាំលេងកម្សាន្តបណ្ដើរ បែរជាមានភាគីម្ខាងទៀតមានគ្នា៤-៥នាក់ ដែលអង្គុយផឹកស៊ីនៅក្បែរសាឡុងអង្គុយរបស់ពួកខ្លួនដែរនោះ បានដើរមកប្រាប់ឈ្មោះ និត ថាបានរាំប៉ះក្បាលបុរសម្នាក់ភាគីម្ខាងទៀតនោះ ទើបឈ្មោះ ធារ៉ា បានចូលទៅសួរនាំ និងកាន់កែវស្រាដើរទៅជល់កែវជាមួយភាគីម្ខាងទៀតដល់សាឡុងអង្គុយ ដើម្បីជាការសុំទោសជំនួសប្អូនរបស់ខ្លួនម្ដងហើយម្ដងទៀត លុះពេលឈ្មោះ ធារ៉ា ដើរទៅជល់កែវ សុំទោសលើកទី៣ ស្រាប់តែមានបុរសម្នាក់ក្នុងចំណោមគ្នា៤-៥នាក់ បានដកបង់កាំភ្លើងខ្លីមក រួចដោះយកគ្រាប់កាំភ្លើងមួយគ្រាប់ ហុចមកអោយឈ្មោះ ធារ៉ា ហើយបោះពាក្យសម្ដីមកថា “កាំភ្លើងគាត់មានគ្រាប់មួយបង់ពេញ តែឥលូវបងអោយប្អូនឯងមួយគ្រាប់ទុកសិន បើសិនជាអូនឯងចង់មានរឿងយ៉ាងម៉េចទៀត ចាំបន្តិចទៀតចេញទៅក្រៅជួបជាមួយបងក៏បាន” លឺដូច្នេះរូបគេក៏មានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយដើរត្រលប់ទៅកន្លែងអង្គុយរបស់ខ្លួនវិញ ហើយប្រាប់ប្អូននិងមិត្តភក្តិបានដឹងពីរឿងនេះផងដែរ ហើយពួកគេក៏នាំគ្នាគិតលុយចេញពីកន្លែងផឹកស៊ីនោះ ហើយជិះទៅប្រាប់ដល់សមត្ថកិច្ចមូលដ្ឋានទាំងនគរបាលប៉ុស្តិ៍ និងអាវុធហត្ថខណ្ឌចំការមនបានដឹងពីរឿងនេះផងដែរ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានជិះទៅកន្លែងកើតហេតុ ហើយភាគីរងគ្រោះបានរងចាំនៅកន្លែងចំណតផ្ញើម៉ូតូ ដើម្បីរងចាំមើលជនដែលហុចគ្រាប់កាំភ្លើងអោយរូបគេនោះ ហើយឈ្មោះ និត ភ័យផងស្រពិចស្រពិលផង បានទៅចង្អុលបុរសម្នាក់ដែលជាភ្ញៀវ ទើបដើរចេញពីភោជនីយដ្ឋាននោះទៅកន្លែងផ្ញើរថយន្តនិងម៉ូតូ ហើយក្រុមសន្តិសុខក៏នាំបុរសម្នាក់នោះ មកសួរបញ្ជាក់ដែរ តែរឿងកាន់តែវែងឆ្ងាយថែមទៀត ខណៈពេលដែលបុរសម្នាក់នោះ បានប្រាប់ថា ខ្លួនពុំមានពាក់ព័ន្ធរឿងអ្វីជាមួយឈ្មោះ និត នោះឡើយ គ្រាន់តែជាអ្នកអង្គុយជិតៗគ្នាប៉ុណ្ណោះ ចំណែកឯឈ្មោះ និត ក៏មិនប្រាកដចិត្តថា ជាបុរសម្នាក់នោះមែនឬមិនមែននោះទេ ទើបខាងសន្តិសុខក៏បានសុំទោសនិងអោយភ្ញៀវម្នាក់នោះត្រលប់ទៅវិញបាត់ទៅ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលឡើងដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅថតយករូបភាពនិងសួរនាំពីដំណើររឿងទាំងនេះផងដែរ ។
ក្រោយពេលកើតហេតុ ដោយសារមានការភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួន ទើបជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកភាគីម្ខាងទៀតដែលជាអ្នកហុចគ្រាប់កាំភ្លើងឲ្យជនរងគ្រោះនោះផងដែរ ៕



ដោយ៖ បងម៉េងខ្មែរណូត