ប្រទេសថៃកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ជាលើកដំបូងក្នុងរយៈពេលជាងមួយខែ
កូវីដ-១៩ October 17, 2020 lyda

មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ បាននិយាយថា ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 នៅក្នុងស្រុកចំនួន ២ករណី ជាលើកដំបូងក្នុងរយៈពេលជាងមួយខែ។ មជ្ឈមណ្ឌលបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ករណីថ្មីទាំងនេះគឺស្ថិតក្នុងចំណោមជនជាតិភូមា ២នាក់ ដែលរស់នៅក្នុងប្រទេសថៃក្បែរព្រំដែនភូមា ដែលនៅទីនោះជាកន្លែងដែលមានការឆ្លងរាលដាលយ៉ាងខ្លាំងនាពេលថ្មីៗនេះ។

មជ្ឈមណ្ឌលបាននិយាយថា អ្នកទាំង ២ ត្រូវបានធ្វើតេស្តរកជំងឺ COVID-19 នៅថ្ងៃទី១៣ ខែតុលា ហើយពួកគេមិនបានបង្ហាញរោគសញ្ញាអ្វីនោះទេ ប៉ុន្តែលទ្ធផលគឺវិជ្ជមាន។ ករណីក្នុងស្រុករបស់ប្រទេសថៃដែលគេស្គាល់ចុងក្រោយ គឺនៅដើមខែកញ្ញា។ គួរឱ្យដឹងដែរថា គិតមកទលពេលនេះប្រទេសថៃមានករណីជំងឺ COVID-19 សរុប ៣,៦០០ ករណី ដែលអាចនិយាយបានថាតិចតួចនៅក្នុងអាស៉ី ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសនេះគឺធ្លាក់ចុះ ៧.៨% ឯណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia