ព័ត៌មានជាតិ

រកមុខឃើញហើយ ចោរដៃរពឹសលួចម៉ាញ៉េតូម៉ូតូ នៅខណ្ឌបឹងកេងកង

BY
srey nuch
October 23, 2020

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក ខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចយកម៉ាញ៉េតូម៉ូតូ នៅចំណុចមុខផ្ទះលេខ៥AEo ផ្លូវលេខ១៥៣ ក្រុមទី៣៩ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យឹម ភារុណ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ៤សេ ផ្លូវ៣៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

ហេតុការណ៍កើតឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៣និង០០នាទី ជនសង្ស័យបានដើរចេញពីផ្ទះម្ដុំអូបែកក្អម ពេលជនសង្ស័យដើរមកដល់ម្ដុំវត្ដមហាមន្រ្ដី មុខផ្ទះលេខ ២៥ AEo ផ្លូវ១៥៣ កែង២៩២ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ជនសង្ស័យបានឃើញម៉ូតូដែលចតទុកចោល ដោយឃើញមានសភាពស្ងាត់ពុំមានមនុស្ស ក៏ដើរចូលទៅធ្វើសម្មភាពលូកដៃស្ដាំ ចូលក្នុងប្រអប់ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ បំណងលួចយកម៉ាញ៉េតូ តែពុំបានសម្រេច ត្រូវបានជនរងគ្រោះឃើញទាន់ស្រែកចោរៗ ភ្លាមនោះជនសង្ស័យភ័យក៏រត់គេងខ្លួន តែត្រូវបានជនរងគ្រោះដេញតាមទាន់ និងឃាត់ខ្លួនជនសង្ស័យ មកប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិកតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: