ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក បានកើនដល់ជាង ១០ម៉ឺននាក់ ក្នុងរយៈពេល ២ថ្ងៃ ជាប់ៗគ្នាមកនេះ
ករណីជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១០៩ ៧៥៧ ករណី សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតជាប់ៗគ្នាលើកទី២ នៅពេលដែលការរាលដាលកំពុងរីករាលដាលនៅគ្រប់តំបន់។ ចំនួនសរុបត្រូវបានគេរំពឹងថានឹងខ្ពស់ជាងនេះ នៅពេលដែលទិន្នន័យរបស់តំបន់នីមួយៗនៃរដ្ឋកាលីហ្វ័រញ៉ាត្រូវបានរាប់បញ្ចូល។

៣ ក្នុងចំណោម ៧ថ្ងៃ កន្លងមកនេះ ករណីជំងឺ COVID-19 នៅអាមេរិកបានកើនឡើងច្រើនជាង ១០០,០០០ ករណី ដែលបានដាក់សម្ពាធលើមន្ទីរពេទ្យក្នុងរដ្ឋជាច្រើន និងបណ្តាលឱ្យក្រុមគ្រួសារអាមេរិក ពិចារណាឡើងវិញនូវផែនការសម្រាប់អាហារពេលល្ងាចថ្ងៃ Thanksgiving នៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ។ រដ្ឋចំនួន ១៩ ក្នុងចំណោមរដ្ឋទាំង ៥០ ក៏បានរាយការណ៍ពីករណីខ្ពស់បំផុតប្រចាំថ្ងៃរបស់ពួកគេ នៅថ្ងៃព្រហស្បតិ៍នេះផងដែរ។
ទីក្រុងនិងរដ្ឋមួយចំនួនបានប្រកាសពីវិធានការណ៍ថ្មីៗ ដូចជាបំរាមគោចរ ឬកាត់បន្ថយទំហំប្រមូលផ្តុំ ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺ ប៉ុន្តែយ៉ាងណាសហរដ្ឋអាមេរិកមិនបានចាត់វិធានការឱ្យធ្ងន់ធ្ងរកម្រិតសហព័ន្ធនោះទេ។ ជាក់ស្ដែង ១៧ ក្នុងចំណោមរដ្ឋចំនួន ៥០ គឺមិនត្រូវការពាក់ម៉ាស់ចាំបាច់ឡើយ។ ចំណែកប្រទេសជាច្រើននៅអឺរ៉ុបឯណោះវិញ គឺកំពុងបិទអាជីវកម្មដែលមានហានិភ័យខ្ពស់ ហើយថែមទាំងបញ្ជាឱ្យមានការបិទទ្វារជាតិ ឬតាមតំបន់ជាដើម៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia