ក្មេងស្ទាវ ប្រុសស្រីមួយក្រុម នៅតំបន់ក្រោមស្ពានអាកាសស្ទឹងមានជ័យ វាយយកទ្រព្យសម្បត្តិពីជនជាតិឥណ្ឌា និងសម្ភារមួយចំនួនទៀតអស់រលីង
រាជធានីភ្នំពេញ៖ ភាពអណាធិបតេយ្យនៅតែកើតមានឡើងនៅតំបន់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ខណៈដែលជនសង្ស័យប្រុសស្រីមួយក្រុម មានគ្នាជាង១០នាក់ បានស្ទាក់វាយប្លន់ ប្រដាប់ដោយដំបង និងដុំថ្មវាយទៅលើបុរសជនជាតិឥណ្ឌាម្នាក់ ខណៈគាត់កំពុងរុញរទេះដើរលក់នុំរ៉ូទី យកលុយអស់រលីង និងពងទាជិត ១០០គ្រាប់ រួចគេចខ្លួនចូលទៅក្រោមស្ពានអាកាសស្ទឹងមានជ័យវិញបាត់ស្រមោលអស់។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
សាក្សីដែលឃើញហេតុការណ៍បានបង្ហើបអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានរុញរទេះដើរលក់នំរ៉ូទី តាមបណ្ដោយផ្លូវ២១៧ ពីកើតទៅលិចគោលបំណង ទៅផ្ទះជួលរបស់គាត់ នៅម្ដុំលូប្រាំ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចជនសង្ស័យប្រុសស្រីក្មេងស្ទាវៗ ជំទង់ៗ មានគ្នាជាងដប់នាក់ ប្រដាប់ដោយដំបង និងដុំថ្មបានធ្វើសកម្មភាព វាយទៅរូបគាត់ ប្លន់យកលុយអស់ ៣៨ម៉ឺនរៀល និងពងទា និងសម្ភារមួយចំនួន ក្រោយធ្វើសកម្មភាពវាយប្លន់ហើយ បានគេចខ្លួនបាត់ដោយសុវត្តិភាព។
ក្រោយកើតហេតុជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋាបាលស្ទឹងមានជ័យ១ដែរ តែដោយបុរសជនជាតិឥណ្ឌា ចេះនិយាយភាសាខ្មែរតិចៗ ស្ដាប់មិនបាន ទើបសមត្ថកិច្ចបានប្រាប់ថា ចាំព្រឹកឡើងចាំមកដាក់ពាក្យបណ្ដឹង ៕






ដោយ៖ បងម៉េង ខ្មែរណូត