រថយន្តធុនធំមួយគ្រឿង បើកលឿនពេកដល់ផ្លូវកោង ចាប់ហ្រ្វាំងនិងបួងចង្កូតមិនទាន់ ជ្រុលបុកជញ្ជាំងរោងចក្រគេ
រាជធានីភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង បើកលឿនពេកដល់ផ្លូវកោង ចាប់ហ្រ្វាំងនិងបួងចង្កូតមិនទាន់ ស្រាប់តែជ្រុលទៅបុកជញ្ជាំងរោងចក្រ បណ្តាលឲ្យខ្ទេចមួយកំណាត់មុខរួញគៀបជាប់តៃកុង ហេីយថែមទាំងឆ្លងភ្លេីងឆេះ ផ្អេីលបងប្អូនប្រជាពលរដ្ឋជួយពន្លត់ទាន់និងជួយគាស់យកតៃកុង អស់ពេលជាងកន្លះម៉ោង មិនអាចយកចេញបាន ទេីបទាក់ទងទៅក្រុមសង្គ្រោះ៧១១ ចេញរថយន្តកាត់ដែក មកជួយអន្តរាគមន៍ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អេីលនេះបានកេីតឡេីងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលេីផ្លូវបេតុង(ខាងកេីតផ្សារទួលពង្រ) ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រធុនធំមួយគ្រឿង ពណ៌លឿង (មិនមានស្លាកលេខ) បើកបរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ជាន់ហ្វ្រាំង និងកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកជញ្ជាំងរោងចក្រ បណ្តាលឲ្យបាក់អស់មួយប្រឡោះធំ រថយន្តខ្ទេចមួយកំណាត់មុខស្ទើតែទាំងស្រុង រួញគៀបជាប់តៃកុង ហេីយថែមទាំងឆ្លងភ្លើង បណ្តាលឲ្យឆេះចេញជាអណ្ដាតភ្លេីងថែមទៀតផង តែត្រូវបានបងប្អូនប្រជាពលរដ្ឋចិត្តល្អ នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ មកជួយបាញ់ពន្លត់ និងបាញ់ទឹកស្អំកុំអោយឆេះ រីឯតៃកុងរថយន្តវិញគៀបជាប់ជើងនៅក្នុងរថយន្ត បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រូពេទ្យឯកជន នាំគ្នាជួយគាស់អស់ពេលជាងកន្លះម៉ោង តែមិនអាចយកចេញបាន ក៏បានទាក់ទងទៅកាន់លេខប្រចាំបញ្ជា២៤ម៉ោង របស់ក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ ដែលមានក្រុមសង្គ្រោះ ប្រេីសម្ភារៈបច្ចេកទេស ជំនាញ វះ កាត់ ហែករថយន្ត ទើបយកជនរងគ្រោះចេញបាន ។
បន្ទាប់ពីទទួលបានដំណឹងនេះ ក្រុមសង្គ្រោះ៧១១ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលបន្ទុកក្រុមសង្គ្រោះ៧១១ បានបញ្ចេញរថយន្តកាត់ដែក និងរថយន្តសង្គ្រោះបន្ទាន់ ចេញអន្តរាគមន៍ឆ្ពោះទៅកន្លែងកេីតហេតុនោះភ្លាមៗផងដែរ។ ទីបំផុតជនរងគ្រោះជាតៃកុងរថយន្តមានឈ្មោះ ម៉ៅ សោភា ភេទប្រុស អាយុ២១ឆ្នាំ ដែលគាបជាប់ក្នុងកាប៊ីនរថយន្ត ត្រូវបានកងប្រតិបត្តិការរុករកនិងសង្គ្រោះរបស់៧១១ កងពលតូចលេខ៧០ ជួយអន្តរាគមន៍ប្រេីប្រាស់សម្ភារៈបច្ចេកទេស ជំនាញ វះ កាត់ ហែករថយន្ត យកជនរងគ្រោះចេញពីក្នុងកាប៊ីន បានដោយសុវត្ថិភាព ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ របស់អង្គភាព៧១១ ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ដើម្បីសង្គ្រោះបន្ទាន់ រីឯរថយន្តវិញសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ឲ្យមកយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន និងរងចាំភាគីតំណាងខាងរថយន្តនិងរោងចក្រដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕ ដោយបងម៉េង
