ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់រថយន្ត 570 សយធំ ដោយសារបុរស៣នាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន បំពានភ្លើងស្តុបជ្រុលបុកពេញទំហឹង , ហើយរបួសធ្ងន់ទាំង៣នាក់ដឹកទៅសង្រ្គោះ

    BY Khmernote Media November 9, 2020
    ម្ចាស់រថយន្ត 570 សយធំ ដោយសារបុរស៣នាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន បំពានភ្លើងស្តុបជ្រុលបុកពេញទំហឹង , ហើយរបួសធ្ងន់ទាំង៣នាក់ដឹកទៅសង្រ្គោះ

    រាជធានីភ្នំពេញ ៖ បុរស៣នាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយថែមទាំងបំពានភ្លើងស្តុបទៀត ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស LX-570 ពេញទំហឹង បណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ទាំងបីនាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:១០នាទីយប់ ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអតីតរង្វង់មូលអាងទឹក ផ្លូវព្រះមុនីរ៉េត(២១៧) កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនកើតហេតុបន្តិច គេឃើញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា (VIVA) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1R-9870 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន និងបើកបំពានភ្លើងស្តុប ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីស LX-570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-5455 ដែលបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវនេរុ(២១៥) ឆ្លងទៅផ្លូវព្រះសីហនុ(២៧៤) ក្នុងទិសដៅពីជើងទៅត្បូង ចំផ្នែកខាងមុខចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ទាំង៣នាក់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋចោមរោមមើលពេញកន្លែងកើតហេតុ និងជួយទំនាក់ទំនងរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: