ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៤ល្វែងទាំងកណ្តាលយប់ នៅខណ្ឌចំការមន

    BY Khmernote Media November 10, 2020
    អគ្គិភ័យឆាបឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៤ល្វែងទាំងកណ្តាលយប់ នៅខណ្ឌចំការមន

    ភ្នំពេញ៖ ផ្ទះលក់បាយម្ហូបការហ្វេពេលព្រឹក និងមានលក់ចាបហួយ ផ្ទះមានលក់នំកង ចំនួន២ខ្នង៤ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាភ័យស្លន់ស្លោ អ្នកខ្លះជញ្ជូនឥវ៉ាន់រត់ចេញមកក្រៅ អ្នកខ្លះបាញ់ទឹកពន្លត់ តែមិនរលត់ក៏ហៅរថយន្តពន្លត់អគ្គិភ័យ ជាង២០គ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើងជាបន្តបន្ទាប់ ។ ហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះឡើងកាលពីម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់ចាប់ហួយ និងបាយកាហ្វេ ផ្ទះលេខ២៥ និងលេខ២៧ ដែលស្ថិតនៅខាងត្បូងរង្វង់មូលផ្សារដើមថ្កូវ១៥០ម៉ែត្រ ផ្លូវលេខ៤៣០ ក្រុម១១ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យដែលក្រុមការងារខ្មែរណូតទទួលបាននោះ ផ្ទះកើតហេតុជាម្ចាស់ប្រភេទសំណង់ ថ្មក្រោមឈើលើ (ទំហំ ៧,៨ម៉ែត្រ x ១២ម៉ែត្រ) ២ខ្នង ចែកជា៤ល្វែង និង៤ម្ចាស់ផ្សេងគ្នាដូចជា ម្ចាស់ផ្ទះទី១-មានឈ្មោះ នួន ផល្លី ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។ ម្ចាស់ផ្ទះទី២-មានឈ្មោះ សំ ម៉ាក់ធុល ភេទស្រី អាយុ ៧៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ។ ម្ចាស់ផ្ទះទី៣-ឈ្មោះ ខាត់ ហេង ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់បាយ និងកាហ្វេ ។ និងម្ចាស់ផ្ទះទី៤-ឈ្មោះ អ៉ី ទិត ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនចូលនិវត្តន៍ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះខាងលើមាន ចំនួន៤ល្វែងជាប់ៗគ្នា ដោយផ្ទះទី១និងទី២មានលក់បាយម្ហូបការហ្វេពេលព្រឹក និងផ្ទះទី៣មានលក់ចាបហួយ ផ្ទះទី៤មានលក់នំកង មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រួមទាំងផ្សែងខ្មួរខ្មាញ់កប់អាកាស ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតនោះភ័យស្លន់ស្លោ អ្នកខ្លះជញ្ជូនឥវ៉ាន់ចេញមកក្រៅ អ្នកខ្លះបាញ់ទឹកពន្លត់បឋមដែរ តែមិនរលត់ បែរជាមានអណ្តាតភ្លើងកាន់តែខ្លាំង ដោយសារមានខ្យល់បោកបក់ខ្លាំងពេក ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់ ជុំវិញបរិវេណផ្ទះដែលកំពុងឆេះនោះជាបន្តបន្ទាប់ សរុបចំនួន២៥គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យ ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨គ្រឿង, រថយន្តជំនួយរួមមានរថយន្តពន្លត់អគ្គិភ័យ របស់ក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនខ្មែរប៊ីវើរីជីស(ស្រាបៀរកម្ពុជា) ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង ៦ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, ដែលបានចូលរួមទាំងកម្លាំង ទាំងស្មារតី និងសម្ភារ បាននិងបន្តខិតខំព្យាយាមប្រឹងប្រែង បាញ់ពន្លត់ ទប់ស្កាត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការបាន ការពារមិនអោយអគ្គិភ័យឆេះរាលដាលនៅតំបន់ជុំវិញទីតាំងដែលបានឆាបឆេះនោះ គឺប្រើពេល១ម៉ោងកន្លះ ដោយគិតចាប់ពីម៉ោងកើតហេតុ រហូតអាចគ្រប់គ្រងបាន ។

    សូមបញ្ជាក់ថា នេះគ្រាន់តែជារបាយការណ៍បឋម ចំពោះការខូចខាតផ្ទះ២ខ្នង ៤ល្វែងខាងលើអស់ទាំងស្រុង មិនបណ្តាលឲ្យមានមនុស្សស្លាប់ឬរងរបួសឡើយ ចំពោះមូលហេតុ ប្រជាពលរដ្ឋអះអាងថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី លើបង្គោលភ្លើង តែទោះជាយ៉ាងណា ក្រុមការងារយើង មិនទាន់ទទួលបានការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាននៅឡើយទេ ដោយទុកឲ្យសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ ។

    បច្ចុប្បន្នករណីអគ្គិភ័យនេះគឺសមត្ថកិច្ចអាចគ្រប់គ្រងបានហើយ តែក្នុងនោះមានផ្ទះ២ល្វែង ដែលម្ចាស់បានចាក់សោរចោលពីខាងក្រៅនោះ នៅសល់រងើកភ្លើងដែលឆេះងំនៅខាងក្រោយផ្ទះ ទើបរថយន្តពន្លត់អគ្គិភ័យ នៅប្រចាំការនៅកន្លែងកើតហេតុ រហូតទាល់តែរលត់ទាំងស្រុង៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: