ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មេខ្លោងជួញដូរគ្រឿងញៀន នៅស្រុកស្អាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយឡោមព័ទ្ធអស់ជាច្រើនម៉ោង និងមានការបាញ់តដៃគ្នាថែមទៀត

    BY Khmernote Media November 11, 2020
    មេខ្លោងជួញដូរគ្រឿងញៀន នៅស្រុកស្អាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយឡោមព័ទ្ធអស់ជាច្រើនម៉ោង និងមានការបាញ់តដៃគ្នាថែមទៀត

    (ស្អាង)៖ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល សមត្ថកិច្ចឈានដល់បង្រ្កាបជនគ្រឿងញៀន ដែលបាញ់តដៃសមត្ថកិច្ចនោះបានហើយ នៅវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២០ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ក្រោយឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោង ។ ជនសង្ស័យឈ្មោះ លៀន ទិត្យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ បន្ទាប់ពីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឡើងដោយជនសង្ស័យ ។ ដំណាក់ការដំបូងសមត្ថកិច្ច បានរំដោះប្រពន្ធជនសង្ស័យ ពីទីតាំងកន្លែងពួកគេលាក់ខ្លួន ដើម្បីបញ្ចៀសពីការយកប្រពន្ធធ្វើជាចំណាប់ខ្មាំងគំរាមលើសមត្ថកិច្ចក្នុងកិច្ចប្រតិបត្តិការ។

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ បន្ទាប់ពីរំដោះនិងឃាត់ខ្លួនប្រពន្ធជនសង្ស័យជាមេក្លោងគ្រឿងញៀន ហើយសមត្ថកិច្ចរកវិធានការយ៉ាងណា ឱ្យកូនជនសង្ស័យចាកចេញពីកន្លែងផ្ទះមេខ្លោងគ្រឿងញៀនលាក់ខ្លួន និងជម្លៀសកូនជនសង្ស័យចេញពីទីតាំងកន្លែងកើតហេតុ ទៅកាន់ផ្ទះរបស់ឪពុកម្ដាយជនសង្ស័យ។ ក្នុងដំណាក់កាលនោះ ជនសង្ស័យ បានប្រើអាវុធបាញ់ ជាច្រើនគ្រាប់ មកលើសមត្ថកិច្ច និងដុតបំផ្លាញផ្ទះរបស់ខ្លួនដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ថ ប្រើល្បិចគេចខ្លួន។ ជនសង្ស័យបានរត់គេចខ្លួនចេញពីផ្ទះ ដែលបានដុតបំផ្លាញ រួចមកសំងំលាក់ខ្លួនក្នុងផ្ទះឪពុកម្ដាយរបស់គេនៅភូមិឃុំខាងលើ។ លោកស្នងការអោយដឹងថា៖កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធ ដោយប្រើវិធីលួងលោមថា៖ ធានា មិនឃាត់ខ្លួន មិនធ្វើការផ្ដន្ទាទោស ហើយអ្វីដែលជនសង្ស័យបានបាញ់ មកលើសមត្ថកិច្ច ក៏មិនឱ្យមានការជាប់ទោសទណ្ឌដែរ។

    ចំពោះការដុតផ្ទះ អាជ្ញាធរនិងសមត្ថកិច្ច ធានាជួសជុលធ្វើថ្មីវិញ នឹងប្រសិនបើចូលសារភាព សមត្ថកិច្ចនិងផ្ដល់ជារង្វាន់លើកទឹកចិត្តចំនួន ៥០០ដុល្លារថែមទៀត។ ក្នុងកិច្ចប្រតិបត្តិការនេះគួបផ្សំនិង ប្រពន្ធជនសង្ស័យ ដែលសមត្ថកិច្ចរំដោះបាន ព្យាយាមទូរស័ព្ទទៅកាន់ប្តីអោយចូលសារភាព និងបញ្ឈប់សកម្មភាពការប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ច ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្ដងនាពេលនេះ៕

     

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: