ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់ផ្ទះដេកលក់អស់ ចោរបានដៃដោះកញ្ចក់ទ្វារផ្ទះ លួចចូលរើកកាយប្រមូលទ្រព្យសម្បត្តិ និងម៉ូតូទៅបាត់ស្រមោល ដោយសុវត្ថិភាព

    BY Khmernote Media November 11, 2020
    ម្ចាស់ផ្ទះដេកលក់អស់ ចោរបានដៃដោះកញ្ចក់ទ្វារផ្ទះ លួចចូលរើកកាយប្រមូលទ្រព្យសម្បត្តិ និងម៉ូតូទៅបាត់ស្រមោល ដោយសុវត្ថិភាព

    រាជធានីភ្នំពេញ ៖ អាចោរព្រៃផ្សៃដោះកញ្ចក់ទ្វារផ្នែកខាងក្រោយចេញទាំងផ្ទាំង ហើយលូកយកកូនសោបើកទ្វារបានយ៉ាងងាយស្រួល ចូលរើកកាយប្រមូលយកទ្រព្យសម្បត្តិបានមួយចំនួន និងម៉ូតូមួយគ្រឿង យកទៅបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះល្វែងលេខ15C ក្នុងបុរីឈូកមាស ជិតផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ម៉ូតូដែលត្រូវបានចោរគាស់ផ្ទះយកទៅបាត់នោះ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN-9208, និងសម្ភារៈបាត់បង់មាន លុយដុល្លារ ៣៨០$, លុយខ្មែរ ១៥ម៉ឺនរៀល ។

    បើតាមសម្ដីកូនស្រីម្ចាស់ផ្ទះបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅយប់ថ្ងៃកើតហេតុ រូបគេបានចូលសម្រាកជាមួយឪពុកម្ដាយ នៅបន្ទប់ជាន់ទី១ ដោយបានចាក់សោរទ្វារទាំងមុខទាំងក្រោយត្រឹមត្រូវអស់ហើយ ទើបចូលសម្រាក នៅពេលភ្ញាក់ពីដំណេក ស្រាប់តែឃើញទ្វារចំហរ ហើយសម្ភារៈរើកកាយពេញផ្ទះ ហើយយកកាបូបលុយ ទៅរើកកាយ យកលុយទៅបាត់អស់ រួចបោះចោលនៅក្រោយផ្ទះ ចំណែកឯម៉ូតូរបស់គាត់ ត្រូវបានចោរលួចយកទៅបាត់ហើយ ដោយជនសង្ស័យបានធ្វើសកម្មភាពដោះកញ្ចក់ទ្វារផ្នែកខាងក្រោយចេញបានទាំងផ្ទាំង ហើយលូកយកកូនសោបើកទ្វារបានយ៉ាងងាយស្រួល រួចចូលមករើកកាយសម្ភារៈរកមើលរបស់មានតម្លៃ រួចបើកទ្វារមុខយកម៉ូតូយកចេញទៅបាត់តែម្ដង ។

    ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅស្នាក់កាប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ដើម្បីដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចស្រាវជ្រាវរកមុខក្រុមជនសង្ស័យទាំងនោះអោយអស់ពីសមត្ថភាពផង ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: