បើហូបចូលខ្លួនមិនដឹងម៉េចម៉ាទេ! មន្ត្រីខេត្តបន្ទាយមានជ័យ ចាប់បានសាច់មាន់ខូចគុណភាពជិត៤០០គីឡូក្រាម នាំចូលពីថៃ
បន្ទាយមានជ័យ៖ មន្ត្រីសាខា (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឃាត់រ៉ឺម៉កម៉ូតូ១គ្រឿងដឹកសាច់មាន់គ្មានច្បាប់ និងខូចគុណភាពទំងន់ជិត៤០០គីឡូក្រាមនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ស្ថិតភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា (ក.ប.ប) ខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាការណែនាំពីឯកឧត្តមមន្ត្រីក្រសួងពាណិជ្ជកម្ម និងអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីមានវិធានការទប់ស្កាត់ទំនិញគ្មានច្បាប់និងខូចគុណភាពដែលឈ្មយញលួចនាំចូលពីប្រទេសជិតខាង ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋទិញបរិភោគ។

លោកបានបញ្ជាក់ថា ជាការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យហើយមន្ត្រីសាខា (ក.ប.ប) ខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវ ហើយបានកំណត់មុខសញ្ញាឃាត់ម៉ូតូសណ្តោងរ៉ឺម៉កចំនួន១គ្រឿងតាមបណ្តោយផ្លូវជាតិលេខ៥៨ បានធ្វើពិនិត្យរកឃើញមានសាច់មាន់ជានច្រើនស្បោងស្មើទំងន់៣៥០គីឡូក្រាម ដែលឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ គោលបំណងឈ្មួញនាំចូលមកចែកចាយនៅផ្សារក្រុងប៉ោយប៉ែតរឺអាចចេញលក់តាមផ្សារមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។
លោក សាន វិជ្ជាសារ៉ាវុធបានបញ្ជាក់ថា ចំពោះសាច់មាន់ដែលត្រូវបង្ក្រាបបានមានទម្ងន់៣៥០គីឡូក្រាមគឺឈ្មួញលួចនាំចូលពីថៃតាមច្រករបៀងអូរបីជាន់ស្រុកអូរជ្រៅ ដែលឈ្មួញលួចចូលពីប្រទេសថៃដឹកដោយខុសច្បាប់ និងខូចគុណភាពត្រូវបានយកទៅដុតកម្ទេចចោល និងវត្ថុតាងមធ្យោបាយដឹកទំនិញខូចគុណភាពនិងអ្នកម្ចាស់ត្រូវបានអនុវត្តន៍តាមច្បាប់ ចំណែកឈ្មួញកំពុងស្រាវជ្រាវនិងចាប់ខ្លួនចាត់ការតាមច្បាប់៕
