មុនចែកចាយរូបភាព វីដេអូ និងព័ត៌មានតាមហ្វេសប៊ុក សូមពិនិត្យប្រភពឲ្យច្បាស់លាស់ ប្រយ័ត្ននាំទុក្ខដាក់ខ្លួនដូចបុរសម្នាក់នេះ (មានវីដេអូ)
ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញថា កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជា ចំរើន បានធ្វើខ្លឹមសារ អមជាមួយរូបភាពសកម្មភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ” ជួយ share ចែករំលែកផងកុមារីម្នាក់នេះ ត្រូវបានឪពុកចុងធ្វើបាបរាល់ថ្ងៃ…” ។ ករណីនេះត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវរកប្រភពពិតប្រាកដនៃករណី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សន និងការពារអនីតិជន បានចាត់តាំងអនុវត្តជំនាញតាមខ្សែបណ្ដោយ ជាលទ្ធផលរកឃើញថា ប្រភពម្ចាស់គណនីឈ្មោះ ជា ចំរើន មានលំនៅដ្ឋាននៅខេត្តសៀមរាប។

ផ្អែកតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញការិយាល័យជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកំណត់អត្តសញ្ញាណម្ចាស់គណនីខាងលើ និងឈានដល់ការកោះអញ្ជើញបុរសនោះមកធ្វើការបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាល កណ្ដែក។ នៅចំពោះមុខសមត្ថកិច្ច ម្ចាស់គណនីឈ្មោះ ជា ចំរើន បានសារភាពថា រូបភាពដែលលោកបានយកមកបង្ហោះក្នុងបណ្ដាញទំនាក់សង្គមនោះ ជារូបភាពដែលលោកទទួលបានពីបណ្ដាញទំនាក់ទំនងសង្គម ដោយគ្មានប្រភព និងការស៊ើបបញ្ជាក់ច្បាស់លាស់នោះទេ រូបលោកសូមការអភ័យទោសដល់សមត្ថកិច្ចពាក់ព័ន្ធ និងសាធារណជនចំពោះកំហុសឆ្គងដែលបានបង្ហោះព័ត៌មានខ្វះការពិចារណា បង្កឲ្យបណ្ដាញសង្គមមានការយល់ច្រឡំ ពិសេសរំខាននិងប៉ះពាល់ដល់ការអនុវត្តភារកិច្ចជំនាញរបស់កម្លាំងជំនាញនគរបាលជាតិ។ រូបលោកសុំសន្យាថានឹងបញ្ឈប់សកម្មភាពបង្ហោះខ្លឹមសារ ឬរូបភាពដែលពុំមានប្រភពច្បាស់ការទៀតហើយ។
ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជន និងបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងការបង្ហោះខ្លឹមសារ ឬរូបភាពដែលពុំមានប្រភព ឬការស៊ើបបញ្ជាក់ច្បាស់លាស់ ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ និងប៉ះពាល់ដល់ការអនុវត្តតួនាទីភារកិច្ចរបស់នគរបាលជាតិ។ យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន បណ្ដាញទំនាក់ទំនងសង្គមដែលតែងតែសហការផ្ដល់ព័ត៌មានក្នុងការចូលរួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាមួយកងកម្លាំងនគរបាលជាតិ៕

ប្រភព៖ ការពិត GCNP