រថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋមិនទាន់កឹប បានបើកបុកកង់បីឥណ្ឌារបួស ហើយរេចង្កូតទៅបុកហាងយីហោនំប៉ាវមួយកន្លែង ខូចខាតសម្ភារៈអស់ជាច្រើន
រាជធានីភ្នំពេញ៖ រថយន្ត Hilux Vigo បុកជាមួយកង់បីឥណ្ឌា នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យម្ចាស់កង់បីរងរបួស ជង្គង់និងត្រចៀក ហើយរេចង្កូតទៅបុកទម្លុះទ្វារហាងយីហោ “នំប៉ាវ ” បណ្ដាលឲ្យខូចខាតសម្ភារៈអស់ជាច្រើនទៀត ចំណែករថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ និងបាក់កាឡេកង់បើកទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ១៤៣ កែងផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ភាគីខាងរថយន្តម៉ាកតូយ៉ូតា ហីលុច្សវីហ្គោ (TOYOYA HILUX Vigo) ពណ៌ផ្ទៃមេឃ ស៊េរីឆ្នាំ២០១៨ ដែលមានលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ នៅជាប់កញ្ចក់រថយន្ត គឺពាក់ស្លាកលេខភ្នំពេញរដ្ឋ 35-2-0190 ហើយនៅពេលសមត្ថកិច្ចសួររកស្លាកលេខម្ចាស់រថយន្តបានយកស្លាកលេខដែលធ្វើរួចហើយ តែមិនទាន់បានកឹប មកបង្ហាញសមត្ថកិច្ចគឺស្លាកលេខភ្នំពេញ 2BM-1369 ។ ចំណែកភាគីខាងកង់បីឥណ្ឌាពណ៌ក្រហម ពាក់ស្លាកលេខកែប 1B-8899។
បើតាមសម្ដីបុរសម្ចាស់កង់បីឥណ្ឌាសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនកើតហេតុ គាត់បានបើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៨ តែម្នាក់ឯងទេ ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុគាត់បានបន្ថយល្បឿន ព្រោះជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា ហីលុច្សវីហ្គោ (TOYOYA HILUX VIGO) ពណ៌ផ្ទៃមេឃបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់មិនដឹងថាស្រវឹង ឬមិនស្រវឹងនោះទេ បានបោះពួយក្នុងល្បឿនយ៉ាងលឿន តាមផ្លូវលេខ២៨៨ ទិសដៅពីជើងមកត្បូង មិនបានបន្ថយល្បឿន បានមកបុកកង់បីឥណ្ឌារបស់គាត់ចំហៀងខាងឆ្វេង អូសវិលក្បាលមកក្រោយវិញ រងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យគាត់ធ្លាក់ពីលើកង់បី រងរបួសជង្គង់ឆ្វេង និងត្រចៀកឆ្វេងផងដែរ។
ចំណែកឯរថយន្តបង្កមិនទាន់អស់ល្បឿន បានរេចង្កូតទៅបុកទម្លុះទ្វារហាងមួយកន្លែងយីហោ “នំប៉ាវ ” បណ្ដាលឲ្យបែកកញ្ចក់ទ្វារជាន់ទី២ និងបាក់ទ្វារជាន់ទី១ និងខូចខាតសម្ភារៈដាក់តាំងលក់ក្នុងហាងអស់ជាច្រើនទៀត ចំណែករថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ និងបាក់កាឡេកង់បើកទៅមុខលែងរួច។

ម្ចាស់កង់បីឥណ្ឌារងគ្រោះ បានសំណូមពរដល់សមត្ថកិច្ចចរាចរណ៍មេត្តាអនុវត្តច្បាប់ចរាចរណ៍ទៅលើអ្នកបើកបររថយន្តដែលទំនងស្រវឹងស្រានោះ ទៅធ្វើការផ្លុំជាតិអាកុលពិនិត្យមើល លើអ្នកបើកបររថយន្តនោះ បើកបរក្នុងស្ថានភាពស្រវឹង ឬមិនស្រវឹង ដើម្បីអោយឃើញលទ្ធផលជាក់ស្ដែងទាំងអស់គ្នាផង។
បច្ចុប្បន្នរថយន្តបង្ក និងកង់បីឥណ្ឌារងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំហៅម្ចាស់ហាងរងគ្រោះ និងម្ចាស់កង់បីរងគ្រោះទៅធ្វើការដោះស្រាយគ្នានៅពេលក្រោយផងដែរ។ ចំណែកឯតៃកុងរថយន្តវិញ សមត្ថកិច្ចបាននាំទៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីវាស់ជាតិអាកុលផងដែរ ៕










ដោយ៖ បងម៉េង ខ្មែរណូត