ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសម៉ុងហ្គោលីបានកត់ត្រាការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូងបំផុតរបស់ខ្លួន

    BY autoadmin November 11, 2020
    ប្រទេសម៉ុងហ្គោលីបានកត់ត្រាការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូងបំផុតរបស់ខ្លួន

    ប្រទេសម៉ុងហ្គោលីបានកត់ត្រាការឆ្លងជំងឺ COVID-19 ជាលើកដំបូងរបស់ខ្លួន នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានករណីនាំចូលរាប់រយជាបន្ដបន្ទាប់។ រដ្ឋមន្រ្តីលោក Munkhsaikhan Togtmol បាននិយាយថា អ្នកជំងឺក្នុងស្រុកម្នាក់នោះជាស្ត្រីម្នាក់ ដែលរស់នៅក្រុង Ulaanbaatar ហើយគាត់បានឆ្លងជំងឺ COVID-19 ពីប្ដីរបស់គាត់ដែលជាអ្នកបើកឡានដឹកទំនិញពីប្រទេសរុស្ស៊ី។ ប្ដីរបស់គាត់ត្រូវបានរកឃើញថាវិជ្ជមានជាមួយជំងឺ បន្ទាប់ពីត្រូវបានគេដាក់ដោយឡែក ២១ថ្ងៃ នៅពេលដែលគាត់ត្រឡប់មកប្រទេសវិញ។ មនុស្ស ២៤នាក់ ផ្សេងទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្តីប្រពន្ធនេះ ពេលនេះសុទ្ធតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។

    អាជ្ញាធរបានបញ្ជាឱ្យបិទទ្វាររយៈពេល ៣ថ្ងៃ នៅ Ulaanbaatar ដោយសាលារៀនក៏ត្រូវបិទទ្វារផងដែរ។ ក្រសួងសុខាភិបាលបានជំរុញឱ្យសមាជិកទស្សនិកជន នៅក្នុងការប្រគុំតន្រ្តីដែលចូលរួមដោយប្តីប្រពន្ធនេះ ទៅធ្វើតេស្តរកជំងឺ COVID-19 ឱ្យបានត្រឹមត្រូវផងដែរ។ គួរឱ្យដឹងដែរថា ប្រទេសម៉ុងហ្គោលីតែងតែត្រូវបានគេកោតសរសើរចំពោះការគ្រប់គ្រងជំងឺ COVID-19 របស់ខ្លួន។ ថ្វីបើប្រទេសនេះនៅក្បែរប្រទេសចិនដែលជាកន្លែងផ្ទុះឡើងដំបូងនៃជំងឺ COVID-19 ប៉ុន្តែវាបានបិទទ្វារព្រំដែនភ្លាមៗតាំងតែពីខែមករា បូករួមទាំងការធ្វើតេស្ដទ្រង់ទ្រាយធំផ្សេងៗ។

    គិតមកទល់ពេលនេះប្រទេសនេះមានករណីសរុបចំនួន ៣៧៦ ករណី ហើយគ្មានការស្លាប់នោះទេ ខណៈករណីចុងក្រោយនេះទើបតែជាករណីសហគមន៍ដំបូងប៉ុណ្ណោះ។ ក្នុងនោះផងដែរលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ក៏បានកោតសរសើរម៉ុងហ្គោលីនៅលើបណ្តាញសង្គម Twitter កាលពីសប្តាហ៍មុនផងដែរ ចំពោះការបង្ហាញឱ្យយើងបានឃើញថា ធ្វើតាមការណែនាំសុខភាពសាធារណៈ យើងអាចបញ្ឈប់មេរោគនេះពីការរីករាលដាល៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: