ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់បើករថយន្តបត់ចូលភោជីយដ្ឋានមិនប្រយ័ត្ន ត្រូវកង់បីបុកពីក្រោយពេញទំហឹង កៀបជាប់តៃកុងក្នុងកង់បី ស្រែកឲ្យគេឯងជួយ

    BY Khmernote Media November 12, 2020
    បុរសម្នាក់បើករថយន្តបត់ចូលភោជីយដ្ឋានមិនប្រយ័ត្ន ត្រូវកង់បីបុកពីក្រោយពេញទំហឹង កៀបជាប់តៃកុងក្នុងកង់បី ស្រែកឲ្យគេឯងជួយ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាថៅកែភោជនីយដ្ឋាន១៦៨ បានបើករថយន្ត Ford Ranger បត់ស្ដាំចូលភោជនីយដ្ឋាន ខ្វះការប្រុងប្រយ័ត្ន ត្រូវកង់បីឥណ្ឌា បើកលឿនមកបុកពីក្រោយ កៀបជាប់តៃកុងកង់បីរងរបួសបែកថ្ងាសឈាមស្រក់ពេញខ្លួន ផ្អើលក្រុមអ្នករត់កង់បីនិងប្រជាពលរដ្ឋជួយគាស់សង្គ្រោះមនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចមុខភោជនីយដ្ឋាន១៦៨ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ភាគីខាងរថយន្តម៉ាកហ្វតរ៉េនជ័រ (Ford Ranger) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-3068 បើកបរដោយឈ្មោះ សួស សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរថៅកែភោជនីយដ្ឋាន១៦៨ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ភាគីខាងកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខព្រៃវែង 1O-4095 បើកបរដោយឈ្មោះ ខាន់ សុផា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    បើតាមសម្ដីអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហ្វតរ៉េនជ័រ (Ford Ranger) ខាងលើ បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាថៅកែភោជនីយដ្ឋាន និងមានមនុស្សស្រី២-៣នាក់ទៀតជាអ្នករួមដំណើរក្នុងរថយន្ត បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ បានបត់ស្ដាំបំណងចូលមកភោជនីយដ្ឋានរបស់ខ្លួន ដោយមិនឃើញមានបើកស៊ីញ៉ូឡើយ ស្រាប់តែមានបុរសម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿង ក្នុងល្បឿនលឿន មកពីក្រោយទៅបុកចំហៀងខាងឆ្វេងបណ្ដាលឲ្យរួញមួយកំណាត់មុខគៀបជាប់តៃកុង និងជាប់កាងកង់បីឥណ្ឌា ជាប់ពីក្រោយរថយន្ត ចំណែកឯរថយន្តបានបន្តបត់ចូលដល់ក្នុងភោជនីយដ្ឋាន១៦៨ ទើបឈប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង និងក្រុមអ្នករត់កង់បី ជួយគាស់យកម្ចាស់កង់បីចេញមកខាងក្រៅ ហើយម្ចាស់កង់បីបានទូរស័ព្ទហៅក្រុមគ្រួសារអោយមកជួយដោះស្រាយ ចំណែកឯខ្លួនបានឡើងរថយន្តគិលានសង្គ្រោះ ទៅសង្គ្រោះនិងព្យាបាលរបួសនៅឯមន្ទីរពេទ្យបាត់ទៅ ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ ប៉ុស្តិ៍នគរបាលចាក់អង្រែលើ និងសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុ រួចប្រគល់អោយខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: