ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាង ៥០,០០០ នាក់

    BY autoadmin November 12, 2020
    អង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាង ៥០,០០០ នាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា អង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលមានចំនួនអ្នកស្លាប់លើសពី ៥០,០០០នាក់ ដោយសារវីជំងឺ COVID-19 ។ ក្នុងនោះអាជ្ញាធរសុខាភិបាលអង់គ្លេសបានបញ្ជាក់ពីការស្លាប់ថ្មីចំនួន ៥៩៥នាក់ បន្ថែមទៀតកាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនមនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសនេះកើនដល់ ៥០,៣៦៥ នាក់។ ឥឡូវនេះរដ្ឋាភិបាលស្ទើរតែទូទាំងអឺរ៉ុប បានដាក់ការរឹតត្បឹតសារជាថ្មីម្តងទៀត បន្ទាប់ពីមានការកើនឡើងនូវករណីថ្មីៗក្នុងចំនួនច្រើននារយៈពេលកន្លងមកនេះ។

    លោកនាយករដ្ឋមន្រ្តី Boris Johnson បានមានប្រសាសន៍ថា៖«យើងមិនទាន់រួចខ្លួននៅឡើយទេ» ហើយលោកបានជំរុញឱ្យមនុស្សគ្រប់គ្នាបន្ដ «អនុវត្តតាមការណែនាំ ធ្វើអ្វីដែលត្រឹមត្រូវដើម្បីទប់ស្កាត់ជំងឺ»។ ពេលនេះរដ្ឋាភិបាលអង់គ្លេសមិនអាចទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 បាននោះទេ បើទោះបីជាមានការបិទទ្វារថ្មីនៅក្នុងប្រទេសអង់គ្លេស ដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ។

    ដូច្នេះប្រជាជននៅអង់គ្លេសត្រូវតែចៀសវាងការចេញក្រៅដែលមិនចាំបាច់ អ្នកលក់រាយដែលមិនចាំបាច់ត្រូវតែបិទទ្វារ ហើយភោជនីយដ្ឋានអាចផ្តល់សេវាកម្មខ្ចប់ទៅផ្ទះ និងការដឹកជញ្ជូនបាន។ ចំណែកនៅបែលហ្ស៊ិកវិញ ការស្លាប់សរុបគិតត្រឹមថ្ងៃពុធមានលើសពី ១៣,០០០ នាក់។ នោះមានន័យថា យ៉ាងហោចណាស់មានមនុស្ស ១ ក្នុង ១,០០០ នាក់ នៃប្រជាជនរបស់ប្រទេសបានស្លាប់ដោយសារជំងឺ COVID-19 ។

    នៅឯប្រទេសហុងគ្រីក៏បានដាក់បម្រាមគោចររយៈពេល ៣០ថ្ងៃ កាលពីថ្ងៃពុធ បន្ទាប់ពីមនុស្សជាង ៥,០០០ នាក់ បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសៅរ៍។ ពលរដ្ឋត្រូវស្នាក់នៅផ្ទះចន្លោះម៉ោង ៨ ល្ងាច និងម៉ោង ៥ ព្រឹក ហើយត្រូវពាក់ម៉ាសនៅទីសាធារណៈ។ ការបរិភោគនៅភោជនីយដ្ឋាន និងរង្គសាលត្រូវបានហាមឃាត់ ក៏ដូចជាការជួបជុំផ្សេងទៀតដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: